ឥណ្ឌូណេស៊ីនិងប្រេស៊ីល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃជិត ៣ពាន់លានដុល្លារ នៅក្រៅកិច្ចប្រជុំកំពូល G20

អន្តរជាតិ

ប្រទេសឥណ្ឌូណេស៊ី និងប្រេស៊ីល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានតម្លៃរហូតដល់ ២,៦៥ពាន់លានដុល្លារអាមេរិក ដោយផ្តោតលើវិស័យសំខាន់ៗ ដូចជាថាមពលកកើតឡើងវិញ កសិកម្ម និងបច្ចេកវិទ្យា ក្នុងអំឡុងវេទិកាធុរកិច្ចឥណ្ឌូណេស៊ី-ប្រេស៊ីល នៅឯខាងក្រៅកិច្ចប្រជុំកំពូល G20 ដែលរៀបធំធ្វើឡើងនៅទីក្រុង Rio De Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



នៅក្នុងព្រឹត្តិការណ៍នេះ ប្រធានាធិបតីឥណ្ឌូណេស៊ីទើបជាប់ឆ្នោតថ្មី លោក Prabowo Subianto បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសលោក ក្នុងការលើកទឹកចិត្តឲ្យមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព តាមរយៈភាពជាដៃគូជាមួយប្រទេសជាដៃគូ ដូចជាប្រេស៊ីល។

លោកបានបន្ថែមឲ្យដឹងទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ថាមពលកកើតឡើងវិញ កសិកម្មប្រកបដោយនិរន្តរភាព និងការកាត់បន្ថយការបំភាយកាបូន ភាគីទាំងពីរអាចបង្កើតអនាគតកាន់តែប្រសើរឡើងសម្រាប់ប្រជាជាតិទាំងពីរ ដោយនឹងចូលរួមចំណែកដល់គោលដៅក្នុងការអភិវឌ្ឍជាសកល។

មិនតែប៉ុណ្ណោះ លោក Prabowo ក៏បានបន្ថែមឲ្យដឹងទៀតថា ប្រទេសប្រេស៊ីល មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងឧស្សាហកម្មជាច្រើនរបស់ខ្លួន ខណៈពេលដែលប្រទេសឥណ្ឌូណេស៊ី ក៏កំពុងតាមបង្កើនល្បឿនអភិវឌ្ឍរបស់ខ្លួន តាមរយៈឧស្សាហូបនីយកម្មផងដែរ។ ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដែលត្រូវបានគេរំពឹងថានឹងបង្កើតឱកាសកាន់តែច្រើន សម្រាប់ការផ្តល់អត្ថប្រយោជន៍រវាងគ្នាទៅវិញទៅមក៕