កូនប្រុសទាំងពីរនាក់របស់មហាសេដ្ឋីមានដាច់គេរបស់ប្រទេសវៀតណាម លោក Pham Nhat Vuong ទទួលបានភាគហ៊ុន ៥% ម្នាក់ ឬស្មើទៅនឹងទឹកប្រាក់ចំនួន ៣៩,៣លានដុល្លារ នៅក្នុងក្រុមហ៊ុន VinRobotics ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយរបស់ក្រុមហ៊ុនមេ Vingroup ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
លោក Pham Nhat Quan Anh និង Pham Nhat Minh Hoang ដែលជាកូនប្រុសរបស់លោក Pham Nhat Vuong នឹងទទួលបានចំណែកភាគហ៊ុន ៥% ស្មើគ្នា នៅក្នុងក្រុមហ៊ុនបង្កើតថ្មីនេះ ខណ:ក្រុមហ៊ុនមេ Vingroup មានភាគហ៊ុនសរុប ៥១% និងលោក Voung កាន់កាប់ភាគហ៊ុនដែលនៅសេសសល់។
យោងតាមសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Vingroup បាននិយាយថា ការបង្កើត VinRobotics គឺមានគោលបំណងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់របស់ក្រុម ដែលជាសសរស្តម្ភសំខាន់មួយ ក្នុងចំណោមសសរស្តម្ភទាំងបីរបស់ខ្លួន។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនថ្មីនេះនឹងផ្តោតលើការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការផ្ទេរបច្ចេកវិទ្យា ជាពិសេសនៅក្នុងដំណោះស្រាយស្វ័យប្រវត្តិកម្ម មនុស្សយន្តឧស្សាហកម្ម និងបញ្ញាសិប្បនិម្មិត (AI)។
លោក Ngo Quoc Hung នាយកប្រតិបត្តិក្រុមហ៊ុន VinRobotics បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងផលិតមនុស្សយន្តឆ្លាតវៃ និងមនុស្សយន្តសម្រាប់ផលិតកម្ម ដើម្បីចូលរួមបង្កើនប្រសិទ្ធភាពដំណើរការផលិត និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត៕