រយៈប្រមាណ២យប់ ៣ថ្ងៃនៃការប្រកាសទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈជាច្រើនកុះករ មានឧកញ៉ាល្បីៗនៅកម្ពុជា មន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័ននានា របស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទៅផង បានប្រកាសបរិច្ចាគថវិកាខ្លួនខ្ទង់លានដុល្លារ ដើម្បីទិញវ៉ាក់សាំងការពារជំងឺដ៏កាចសាហាវមួយនេះ។
ឧកញ៉ាល្បីៗ ដែលបានចូលរួមថវិកា មានដូចជា: ១. អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុន បុរីពិភពថ្មី បានបរិច្ចាគថវិកា ៣លានដុល្លារ។ ២. អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និងលោកជំទាវ បរិច្ចាគថវិកា ៣លានដុល្លារ។ ៣. អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បរិច្ចាគថវិកា ៣លានដុល្លារដុល្លា។ ៤. ក្រុមហ៊ុន ជីប ម៉ុង គ្រុប បរិច្ចាគថវិកា ៣លានដុល្លារដុល្លារ។ ៥. ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១លានដុល្លារ។ ៦.ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន 7NG និង Jet’s Group បរិច្ចាគថវិកា ៧៧,៧៧៧ដុល្លារ។ ៧. ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា បរិច្ចាគថវិកា ១០ម៉ឺនដុល្លារ ៨. អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា បរិច្ចាគថវិកា ៣លានដុល្លារ…..។
ចំណែកមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩រួមមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ បរិច្ចាគប្រាក់បៀរវត្សចំនួន៦ខែ, លោក ស៊ុន ចាន់ថុល និងលោកជំទាវ បរិច្ចាគថវិកា៣ម៉ឺនដុល្លារ, ឯកឧត្តម កិតិ្ដនីតិកោសលបណ្ឌិត ប៊ិន ឈិន និងលោកជំទាវ បរិច្ចាគថវិកា ២ម៉ឺនដុល្លារ, លោក វេង សាខុន និងលោកជំទាវ បរិច្ចាគថវិកា ២ម៉ឺនដុល្លារ, លោក អ៊ិត សំហេង បរិច្ចាគថវិកា១ម៉ឺនដុល្លារ, លោក កើត រិទ្ធ និងលោកជំទាវ យ៉េត ម៉ូលីន បរិច្ចាគថវិកា ៤០លានរៀល, ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បរិច្ចាគថវិកា១ម៉ឺនដុល្លារ, លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បរិច្ចាគថវិកា ៥ពាន់ដុល្លារ, ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ, លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា បរិច្ចាគថវិកា១ម៉ឺនដុល្លារ, ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ, ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ, លោកជំទាវ ហ៊ុន ម៉ាលី និងឯកឧត្តម សុខ ពុទ្ធិវុធ បរិច្ចាគថវិកា១ម៉ឺនដុល្លារ…។
សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន បានចាតត់ទុកចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកានេះថាជា ខឿនការពារសុខភាពរបស់ប្រជាជន។ សម្តេចបញ្ជាក់ថា “បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំបានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកាដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថានេះជា (ខឿនការពារសុខភាពរបស់ប្រជាជន) បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។
បើតាមសម្តេចតេជោ ហ៊ុន សែន ក្រៅពីលោកឧកញ៉ា អ្នកឧកញ៉ា ក៏នៅមានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀត ដែលចង់ចូលរួម ប៉ុន្កែមិនដឹងថា ចូលនៅកន្លែងណា និងតាមរបៀបណា ? ហើយសម្តេចបានចូលរួមតាមច្រកពីរគឺ ទី១. ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្ទ012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី និងទី២. តាមរយៈធនាគារ ABA លេខគណនី (001249176) Tep Sothy ។ ជាមួយគ្នានោះ សម្តេចប្រាប់ឲ្យដាក់ឈ្មោះ និងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីសម្តេចបានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ហើយដោយស្ថិតក្នុងស្ថានភាពដែលប្រទេសកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីទាំង២រូប ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនកម្ពុជា ហើយសម្តេចសង្ឃឹមថា ដៃគូអភិវឌ្ឍន៍នឹងផ្តល់ជំនួយដល់ប្រជាជនកម្ពុជា ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកដល់ល្ងាចថ្ងៃទី៨ ខែធ្នូ ថវិកាដែលសប្បុរសជនចូលរួមបរិច្ចាគ តាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។ ដោយមានសំណូមពរពីប្រជាជន សម្តេចតេជោ ហ៊ុន សែន សុំបន្ថែមគណនី ២ទៀត នៅធនាគារអេស៊ីលីដា និងភ្នាក់ងារវីង ដែលអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារដោយមិនមានការបង់សេវា។
ជំហានដំបូងរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែង ដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលកម្ពុជាមានប្រជាជន១៦ លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។