សម្ដេចតេជោ៖ រំពឹងថា មហាសន្និបាត ICAPP នឹងសម្រេចបាននូវលទ្ធផលយ៉ាងត្រចះត្រចង់

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន  បានលើកឡើងថា ក្នុងនាមជាប្រធានគណបក្សបប្រជាជនកម្ពុជាសម្តេចពិតជាមានកិត្តិយស ដែលប្រទេសកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ប្រទេសសមាជិក ICAPP។ទន្ទឹមគ្នានេះ សម្តេច បានបង្ហាញក្តីរំពឹងទុកដែរថា តាមរយៈមហាសន្និបាត ICAPP នឹងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពីធីបើកមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12) កាលពីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចបានប្រកាសស្វាគមន៍ប្រទេសសមាជិក ICAPP និងស្ថាប័នដៃគូជាង៥២ប្រទេស ដែលបានចូលរួមក្នុងមហាសន្និបាតនេះ ខណៈសម្តេចក៏បានវាយតម្លៃខ្ពស់ថា ICAPP បានកើនឡើងជាលំដាប់ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ មក ICAPP បានប្រែក្លាយខ្លួនទៅជាអង្គការគណបក្សនយោបាយដ៏ធំបំផុតមួយទាំងទំហំ និងទាំងឥទ្ធិពលលើភូមិសាស្ត្រនយោបាយថែមទៀត។
 
ទន្ទឹមគ្នានេះ សម្តេចពិតជាមានមោទនភាព ក្នុងការដឹកនាំគណបក្សប្រជាជនកម្ពុជា ចូលរួមចំណែកនៅក្នុងសកម្មភាពនានារបស់ ICAPP រួមទាំងមហាសន្និបាតរបស់ខ្លួន ក្នុងចំណោមគណបក្សនយោបាយចំនួន ៣០០ ដែលមានភាពចំរុះគ្នាទាំងនិន្នាការនយោបាយ និងមនោគមវិជ្ជា។

ក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះ សម្តេចយល់ថា ប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» គឺជាប្រធានបទដែលកម្ពុជាមានបទពិសោធន៍យ៉ាងធំធេង និងជំនាញ ដែលអាចធ្វើការចែករំលែក ដោយទាញចេញពីតថភាពពិតដែលកម្ពុជាបានខិតខំតស៊ូបញ្ចប់ជម្លោះអស់រយៈពេលជាច្រើនឆ្នាំ និងបាននាំមកនូវសន្តិភាព ក៏ដូចជាវិបុលភាព ក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ។

បន្ថែមលើនេះ សម្តេចថា ការជំរុញឱ្យមានការជជែកដេញដោលគ្នាលើប្រធានបទដ៏សំខាន់ផ្សេងៗទៀត នៅក្នុងជំនួបរបស់ ICAPP នាឆ្នាំនេះ ពិតជាដើរតួនាទីសំខាន់ណាស់ នៅក្នុងស្ថានភាពដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មាន នៅក្នុងនិម្មាបនកម្មភូមិសាស្ត្រនយោបាយតំបន់ និងសកល ស្របពេលដែលភាពតានតឹង និងជម្លោះ កំពុងរីករាលដាលស្ទើរតែពាសពេញពិភពលោក។

ឆ្លៀតក្នុងឱកាសនោះ សម្ដេច បានបញ្ជាក់ដែរថា ការលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក គឺជាមាគ៌ាដ៏វែងឆ្ងាយ ក្នុងការធានាឱ្យបានថា សាមគ្គីភាពអន្តរជាតិ។

ជាថ្មីម្តងទៀត ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសនៃមហាសន្និបាត ICAPP លើកទី១២ សម្តេចតេជោ សង្ឃឹមថា មហាសន្និបាតនេះនឹងសម្រេចលទ្ធផលយ៉ាងត្រចះត្រចង់ប្រកបដោយផ្លែផ្កាផងដែរ៕ អត្ថបទ៖ ហ្សាលីន