ឧកញ៉ា សុង សារ៉ន ហ៊ានបោះទុន ៣លានដុល្លារ បង្កើតឃ្លាំងឡសម្ងួតស្រូវ ដើម្បីប្រមូលទិញស្រូវសរីរាង្គ​ពីប្រជាកសិករ​នៅខេត្តមណ្ឌលគិរី

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងជា​អគ្គនាយកក្រុមហ៊ុន​ អេមរុរ៉ាយស៍​ (Amru Rice Co., Ltd) ហ៊ានបោះទុន​ថវិកា​ដល់ទៅ​​ ៣លានដុល្លារ​ បង្កើតឃ្លាំងស្តុកនិងឡ​សម្ងួត​ស្រូវ​ នៅឃុំរយ៉ ស្រុកកោះញ៉ែក​ ខេត្តមណ្ឌលគិរី​ ដើម្បីប្រមូលទិញស្រូវសិរីរាង្គពីប្រជាកសិករ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក់ព័ន្ធនឹងការចំណាយវិនិយោគលើវិស័យកសិកម្មដ៏ធំនេះ ​លោកឧកញ៉ា សុង សារ៉ន បាន​បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ​​ថាទាំងនេះគឺជា​ដំណើរ​អាជីវកម្ម ប្រកបដោយ​បរិយាប័ន្ន និង​ចីរភាព។ កន្លងមក​ក្រុមហ៊ុនមួយនេះបានជួយកសិករច្រើនមកហើយ​ ដូចជានៅខេត្តកំពង់ធំ​ ព្រះវិហារ​ និង​មណ្ឌលគិរី​ តាមរយៈការបង្កើតកិច្ចសន្យាកសិកម្ម។ យ៉ាងណាមិញ លោកឧកញ៉ា សុង សារ៉ន មានគោលដៅ​ជំរុញ​បង្កើតជា ​”អង្ករសិរីរាង្គសម្គាល់ម៉ាកភូមិសាស្ត្រនៃស្រុកកោះញ៉ែក​ ខេត្តមណ្ឌលគិរី”​ ខណៈ​ដែល​កសិករ​ជាង ៦០ភាគរយ គឺជាបងប្អូនជនជាតិដើមភាគតិច។

ឧកញ៉ា សុង សារ៉ន បានលើកឡើងថា៖ “ក្នុងគម្រោងវិនិយោគ ក្រុមហ៊ុន​ អេមរុរ៉ាយស៍​ យើងនេះ បានធ្វើការ​បោះទុនវិនិយោគនៅ​ស្រុក​កោះញ៉ែក​នេះ​ចំនួន ៣លានដុល្លារ ហើយ​មក​ដល់​ពេលនេះ​ យើង​បាន​ចំណាយ​ជិត ២លាន​ដុល្លារ​ហើយ ទៅ​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រួមមាន ឡសម្ងួត ឃ្លាំងស្តុកស្រូវ ហើយ​ឆ្នាំ២០២៥ យើង​នឹង​​ដំឡើង​ម៉ាស៊ីនកិនស្រូវ ដូច្នេះ​ការ​វិនិយោគ​របស់​យើង​នឹង​រួច​រាល់​នៅឆ្នាំ២០២៥”។

សូមជម្រាបថា ក្រុមហ៊ុន​ អេមរុរ៉ាយស៍​ (Amru Rice Co., Ltd) ដែលជាក្រុមហ៊ុននាំចេញអង្ករ​ឈានមុខគេ​មួយ​នៅកម្ពុជា បាន​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​នូវ​ឃ្លាំងនិងឡសម្ងួតស្រូវ​ដ៏​ទំនើបបំផុតមួយ កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាមុខមាត់ថ្មីរបស់​ខេត្តមណ្ឌលគិរី ក្នុងការជំរុញ​វិស័យកសិកម្ម​ឱ្យ​បាន​ជឿនលឿន ពិសេស​ប្រជាជន​ប្រមាណ ៧០% ក្នុង​ស្រុកកោះញ៉ែក ជាកសិករ នឹងកាន់តែមានភាពងាយស្រួល ដោយមិនបារម្ភពីកត្តាខ្វះទីផ្សារទៀតនោះទេ៕