គណៈប្រតិភូប្រធានសភានៃប្រទេសនេប៉ាល បានលើកឡើងថា ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
ថ្លែងក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Dev Rej Ghimire ប្រធានរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់
បានវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP 11) ។
ទន្ទឹមគ្នានេះ លោកកត់សម្គាល់ថា កម្ពុជា ជាប្រទេសដែលធ្លាប់រងគ្រោះដោយសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបានឆ្លងកាត់របបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត ប៉ុន្តែតាមរយៈការទទួលបានសុខសន្ដិភាពពេញលេញ កម្ពុជាបានកសាងប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
បន្ថែមពីនេះ លោកបានសង្កត់ធ្ងន់ថា៖« ដំណើរឈានទៅរកការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងដំណើរការនៃការស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់បណ្ដាប្រទេសលើពិភពលោក»។
ជាការឆ្លើយតប សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ IPTP ដែលជាវេទិកាមួយដ៏ល្អសម្រាប់ជួយកសាងបណ្ដាញរវាងប្រទេសក្នុងតំបន់ និងសកលលោក ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងសភានិងសភា រដ្ឋាភិបាលនិងរដ្ឋាភិបាល ព្រមទាំងរវាងគណបក្ស និងគណបក្ស សំដៅរួបរួមគ្នា និងជួយគ្នាទៅវិញទៅមក ក្នុងពេលចាំបាច់។
ជាថ្មីម្តងទៀត សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីដំណើរការនៃការស្វែងរកសុខសន្ដិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា ដោយសម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា នៅពេលអវត្តមាននូវសន្ដិភាព នោះប្រទេសជាតិនឹងត្រូវបានបំផ្លិចបំផ្លាញ តែនៅពេលដែលប្រទេសជាតិទទួលបានសុខសន្ដិភាពពេញលេញ នោះប្រទេសនឹងមានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ៕ អត្ថបទ៖ ហ្សាលីន