Hyundai ប្រមូលរថយន្តអគ្គិសនីជាង ១៤ម៉ឺនគ្រឿងចូលឃ្លាំងវិញ ក្រោយជួបបញ្ហាអាគុយ

អន្តរជាតិ

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក ហៅកាត់ NHTSA ថ្មីៗនេះ បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់កូរ៉េខាងត្បូង Hyundai Motor កំពុងប្រមូលរថយន្តអគ្គិសនីប្រហែល ១៤៥ ២៣៥ គ្រឿងនៅសហរដ្ឋអាមេរិក បន្ទាប់ពីជួបបញ្ហាអស់ថាមពលភ្លាមៗអំឡុងពេលបើកបរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះការប្រមូលត្រលប់ទៅវិញនេះ បានមើលឃើញថាប៉ះពាល់ដល់រថយន្តអគ្គិសនីម៉ូដែលជាច្រើន ដូចជា IONIQ 5 និង IONIQ 6 រួមជាមួយទាំងរថយន្តប្រណីតមួយចំនួនទៀត ដូចជា Genesis GV60, Genesis GV70 និង Genesis G80 ដែលផលិតនៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ និយតករសុវត្ថិភាពស្វ័យប្រវត្តិរបស់សហរដ្ឋអាមេរិក បាននិយាយទៀតថា ប្រព័ន្ធត្រួតពិនិត្យការបញ្ចូលថ្មរួមគ្នា នៅក្នុងរថយន្តអគ្គិសនី Hyundai មួយចំនួន ទំនងជាខូចក្នុងអំឡុងពេលណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់អាគុយរថយន្តអគ្គិសនីកម្លាំង ១២វ៉ុល ដែលអាចបណ្តាលឲ្យការសាកបញ្ចូលបញ្ឈប់ដោយស្វ័យប្រវត្តិ និងធ្វើឲ្យអាគុយនោះលែងមានថាមពលតែម្តង។

ជម្រាបជូនថា បើតាមការបញ្ជាក់ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក បានបន្ថែមឲ្យទៀតថា ការប្រមូលត្រលប់ទៅវិញនេះ នឹងមិនតម្រូវឲ្យម្ចាស់រថយន្តទាំងនោះចំណាយប្រាក់នោះឡើយ ដោយក្រុមហ៊ុន Hyundai នឹងទទួលខុសត្រូវលើការត្រួតពិនិត្យ ជួសជុល និងធ្វើបច្ចុប្បន្នភាពលើផ្នែកដែលរងផលប៉ះពាល់ដោយឥតគិតថ្លៃ៕