លោក Francois Pinault ដែលជាស្ថាបនិកក្រុមហ៊ុន Kering និងជាម្ចាស់នៃប្រេនដ៏ល្បីល្បាញបំផុតរបស់លោក Gucci ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា លោកលែងស្ថិតនៅក្នុងចំណោមកំពូលអ្នកមានបំផុតទាំង ១០០នាក់របស់ពិភពលោកទៀតហើយ។
យោងតាមសារព័ត៌មាននិយាយពីសេដ្ឋី Bloomberg បានបង្ហាញឲ្យដឹងថា លោក Pinault បានធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ១០៥ បន្ទាប់ពីទ្រព្យសម្បត្តិសរុបរបស់លោក បានធ្លាក់ចុះមកនៅត្រឹមតែជាង ២០ពាន់លានដុល្លារ ពីកម្រិតខ្ពស់បំផុតដែលត្រូវបានកត់ត្រាទុកនៅខែសីហា ឆ្នាំ២០២១ ខណ:ពេលនោះលោកជាប់នៅចំណាត់ថ្នាក់លេខ២២។
ជុំវិញការបាត់បង់ទ្រព្យសម្បត្តិដ៏ច្រើនរបស់គ្រួសារលោក Pinault នេះ បានកើតឡើងចំពេលមានការថយចុះនៅក្នុងឧស្សាហកម្មទំនិញប្រណីត ដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយតម្រូវការធ្លាក់ចុះ នៅក្នុងប្រទេសចិន ជាពិសេសសម្រាប់ទំនិញលំដាប់ខ្ពស់ដូចជាសម្លៀកបំពាក់ ស្រា និងគ្រឿងសំអាងជាដើម។
គួរឲ្យដឹងផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Kering ស្ថិតនៅក្រោមការគ្រប់គ្រងដោយ លោក Francois-Henri Pinault ដែលជាកូនប្រុសច្បងរបស់លោក Pinault ។ ប៉ុន្តែក្នុងអំឡុងពេលកាន់តំណែងនេះ ក្រុមហ៊ុនដែលពឹងផ្នែកខ្លាំងទៅលើប្រេន Gucci បានមើលឃើញពីកំណើនលក់ ក៏ដូចជាប្រាក់ចំណូលរបស់ខ្លួន ធ្លាក់ចុះអស់រយ:ពេលជាច្រើនឆ្នាំ។
ជម្រាបជូនថា ត្រកូល Pinault កាន់កាប់ភាគហ៊ុន ៤២% និង ៥៩%នៃសិទ្ធិបោះឆ្នោតនៅក្នុងក្រុមហ៊ុន Kering ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស។ ស្របពេលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនប្រេនដ៏ល្បីនេះ ត្រូវបានគេរាយការណ៍ថាធ្លាក់ចុះអស់ជិតពាក់កណ្តាលក្នុងឆ្នាំ២០២៤ នេះ៕