ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលចំណូលថវិកាបានសរុបប្រមាណ ៦៥៧ ៩៩៥ ៩៣៩ ០៣៤ រៀល (ប្រហែល ១៦៤,៤៩លានដុល្លារ) ក្នុងឆ្នាំ២០២៤ កើនឡើង ៤៣,២៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍សន្និបាតក្រសួង នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ នៃក្រសួងរៀបចំដែនដី បានថ្លែងក្នុងរបាយការណ៍នៃពិធីបូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ អំពីការផ្តល់សេវាសាធារណៈ និងការងារប្រមូលចំណូលរបស់ក្រសួងថា រយៈពេល១ឆ្នាំនេះ ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិសរុបចំនួន ៦៥៧ ៩៩៥ ៩៣៩ ០៣៤ រៀល (កើនឡើង ៤៣,២៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣) ក្នុងនោះចំណូលរបស់រដ្ឋបាលកណ្តាលចំនួន ១៧ ១០៤ ៦៥៥ ៨០៥រៀល និងចំណូលរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ចំនួន ៦៤០ ៨៩១ ២៨៣ ២២៩រៀល។
ក្នុងពិធីខាងលើនេះដែរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានគូសបញ្ជាក់ថា ក្នុងរយៈពេល ១ឆ្នាំដើមអាណត្តិទី៧ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាឌីជីថលសម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា៕