រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ ប្រទេសកម្ពុជាជាប្រទេសដែលអំណោយផល មានធនធានទេសចរណ៍ពិសេសៗជាច្រើន

សង្គម​ និង​សេដ្ឋកិច្ច

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានពិភាក្សាគ្នាពីទេសចរណ៍កម្ពុជា និងក៏ជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈវីដេអូមានរយៈពេល២នាទី ចេញផ្សាយដោយក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួត ហាក់ បានលើកឡើងថា ប្រទេសកម្ពុជាជាប្រទេសដែលអំណោយផល ប្រជាជនកម្ពុជាទទួលភ្ញៀវដោយភាពកក់ក្តៅ រួសរាយ រាក់ទាក់ ស្និទ្ធស្នាល ជាពិសេសជាមួយស្នាមញញឹមកម្ពុជា។ លើសពីនេះ ប្រទេសកម្ពុជាក៏មានសណ្ឋាគារសម្បូរបែប មានម្ហូបអាហារដ៏ឆ្ងាញ់ពិសារផងដែរ។

លោកបន្តថា ពាក់ព័ន្ធនឹងទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌ គឺកម្ពុជាមានប្រាសាទអង្គរវត្ត ដែលត្រូវបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក មានឆ្នេរសមុទ្រដ៏ស្រស់ស្ងាត មានខ្សាច់ដ៏សស្អាតជាងគេ រួមមានខេត្តកំពត កែប ព្រះសីហនុ និងកោះកុង។ ចំណែកតំបន់ខាងជើង គឺមានតំបន់ភ្នំ ទឹកជ្រោះ។

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ភ្ញៀវទេសចរដែលមកទស្សនានៅកម្ពុជាប្រាកដជាមានការទទួលខុសត្រូវចំពោះសុវត្ថិភាព។ ក្នុងន័យនេះ លោកបានសូមឱ្យភ្ញៀវទសចរមានភាពកក់ក្តៅ សូមឱ្យមានការជឿជាក់ មកលើរាជរដ្ឋាភិបាល។ ដោយលោក សង្កត់ធ្ងន់ថា ខ្ញុំក្នុងនាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍តំណាងរាជរដ្ឋាភិបាលកម្ពុជា យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបង្ហាញប្រាប់ពិភពលោកអំពីសក្តានុពលរបស់ទេសចរណ៍កម្ពុជាទៅដល់បរទេស ជាពិសេសប្រទេសចិន។

គួរឱ្យដឹងថា លោក ហួត ហាក់ ធ្លាប់បានបញ្ជាក់ថា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៤.៣ លាន​នាក់​ក្នុងអំឡុង​ខែមករា ដល់​ខែ​សីហា ឆ្នាំ ២០២៤ កើនឡើង ២២.៥ ភាគរយ។

លោក​បាន​បន្ថែមថា៖ «កម្ពុជា​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៧ លាន​នាក់ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ចិន​ជាង ២ លាន​នាក់​ក្នុង​ឆ្នាំ ២០២៥»។

វិស័យទេសចរណ៍កម្ពុជាបាននិងកំពុងងើបឡើងវិញ ទោះបីជាមិនទាន់ដល់កម្រិតមុនកូវីដ១៩ ក៏ដោយ តែក្រសួងទេសចរបាននិងកំពុងខិតខំប្រឹងប្រែង ដោយមានការគាំទ្រពីភាគីពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា។

ជាមួយគ្នានោះ ចក្ខុវិស័យទេសចរណ៍កម្ពុជា ឆ្នាំ២០២៤ នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៦,៥ លាននាក់ ជិតស្មើកាលគ្រាមុនជំងឺកូវីដ-១៩ (៩៨,៥%) ហើយកំណើននេះនឹងបន្តកើនឡើងដល់ ៧ លាននាក់ នៅឆ្នាំ២០២៥ និងឆ្នាំ ២០២៨ ប្រមាណ៨លាននាក់៕