អាមេរិក គ្រោងកាត់បន្ថយជំនួយបន្ទះឈីបរបស់ Intel មកនៅក្រោមចំនួន ៨ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមកាសែត New York Times បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកាកន្លងទៅថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គ្រោងកាត់បន្ថយការផ្តល់ជំនួយដំបូងចំនួន ៨,៥ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនបន្ទះឈីប Intel Corp មកនៅចំនួនតិចជាង ៨ពាន់លានដុល្លារវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំលឹកផងដែរថា កាលពីខែមីនា ឆ្នាំនេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយថា ខ្លួនកំពុងផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីដល់ក្រុមហ៊ុន Intel ក្នុងចំនួនសរុបជិត ២០ពាន់លានដុល្លារ ក្នុងគោលបំណងបង្កើនទិន្នផលបន្ទះឈីបក្នុងស្រុករបស់ក្រុមហ៊ុន និងធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជាកន្លែងផលិតបន្ទះឈីបឈានមុខគេ។

សហរដ្ឋអាមេរិក ក៏បានប្រកាសទៀតផងដែរថា ក្នុងចំណោមកញ្ចប់ថវិកាសរុបនេះ ទឹកប្រាក់ចំនួន ៨,៥ពាន់លានដុល្លារ និងត្រូវផ្តល់ជូនជាជំនួយ ខណ:ទឹកប្រាក់ ១១ពាន់លានដុល្លារផ្សេងទៀត នឹងត្រូវផ្តល់ជាប្រាក់កម្ចី សម្រាប់ក្រុមហ៊ុន Intel ដើម្បីប្រើប្រាស់សាងសង់រោងចក្រថ្មីចំនួន២ និងធ្វើទំនើបកម្មរោងចក្រដែលមានស្រាប់។

ជម្រាបជូនផងដែរថា កញ្ចប់ជំនួយដ៏ធំសម្បើមនេះ គឺជាផ្នែកមួយនៃផែនការជំនួយបន្ទះឈីបសហព័ន្ធឆ្នាំ២០២២ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងគោលបំណងបង្កើនទិន្នផលផលិតកម្មបន្ទះឈីប Semiconductor ក្នុងស្រុក៕