ភ្នំពេញ៖ ថ្លែងទៅកាន់សិស្ស-និស្សិតជាង ២០០នាក់ នៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ៖ “ហេតុអ្វីបានជាយុវជនគួរយល់ដឹងអំពីកម្ចីផ្លូវការ និងកម្ចីក្រៅផ្លូវការ”? កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកទឹកចិត្តដល់សិស្ស-និស្សិត និងសាធារណជនទាំងអស់ប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងធ្វើការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តប្រើប្រាស់សេវាហិរញ្ញវត្ថុណាមួយ។
លោក សោភ័ណ ក៏បានចែករំលែកអំពីគុណសម្បត្តិមួយចំនួនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការផងដែរក្នុងនោះរួមមាន គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការស្ថិតក្រោមការត្រួតពិនិត្យ និងការដាក់បទប្បញ្ញត្តិពីអាជ្ញាធរហិរញ្ញវត្ថុមានសមត្ថកិច្ច, អតិថិជនទទួលបានសិទ្ធិ និងការការពារពេញលេញស្របតាមច្បាប់, លក្ខខណ្ឌនិងកិច្ចសន្យា រវាងអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការមានតម្លាភាព និងអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ការផ្សព្វផ្សាយ និងព័ត៌មានអំពីសេវាហិរញ្ញវត្ថុមានលក្ខណៈច្បាស់លាស់ និងមិនមានការបំភាន់ ឬបោកប្រាស់កាត់បន្ថយហានិភ័យនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុខុសគោលដៅ ឬហានិភ័យនៃបំណុលលើសលប់, គ្រឹះស្ថានក៏មិនតម្រូវឱ្យអតិថិជនតម្កល់នូវឯកសារច្បាប់ដើម ដូចជា៖ អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារជាដើម។
លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានពន្យល់ថា កម្ចីផ្លូវការគឺជាកម្ចីទាំងឡាយណាដែលផ្តល់ជូនដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលបានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជាដើម្បីផ្តល់សេវាហិរញ្ញវត្ថុស្របច្បាប់។ កម្ចីពីគ្រឹះស្ថានផ្លូវការនេះមានអត្រាការប្រាក់សមរម្យ ហានិភ័យទាប និង មានយន្តការកិច្ចការពារអតិថិជនផងដែរ។
លោកជំទាវប្រធានក្រុមប្រឹក្សាភិបាល បានពន្យល់ទៀតថា «កម្ចីក្រៅផ្លូវការ គឺជាកម្ចីទំាងឡាយណាដែលផ្តល់ដោយ ស្ថាប័នមិនចុះបញ្ជី (ខុសច្បាប់) ឬផ្តល់ដោយបុគ្គលនានានៅក្រៅប្រព័ន្ធ រួមទាំងកម្ចីតាមអនឡាញ។ កម្ចីក្រៅផ្លូវការអាចនាំមកនូវហានិភ័យខ្ពស់ ដោយមានអត្រាការប្រាក់ខ្ពស់ខ្លាំងហួសហេតុព្រមទាំងគ្មានយន្តការ ការពារអតិថិជនអ្វីទាំងអស់»៕
ប្រភពរូបភាព៖ AMS