ភ្នំពេញ៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) ដែលចូលជាធរមានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤មានសារៈសំខាន់ណាស់ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគី ជំរុញការធ្វើសមាហរណកម្មស៊ីជម្រៅក្នុងសកម្មភាពពាណិជ្ជកម្មទំនិញ សេវាកម្ម និងការទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារនាំចេញទំនិញទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម តំបន់អារ៉ាប់ និងតំបន់ក្បែរខាង។
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះកាលពីថ្ងៃទី២០ ខែវិច្ឆិកា លោកស្រី តឹក រ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាននិយាយថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាអាចនាំទំនិញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួមជាមួយអត្រាពន្ធសូន្យលើមុខទំនិញសំខាន់ៗ ដូចជា៖ កាបូបធ្វើដំណើរ, ស្បែកជើង, មុខទំនិញវាយនភណ្ឌ, សម្លៀកបំពាក់, កង់, បន្ទះសូឡា, គ្រឿងបង្គុំអេឡិចត្រូនិក, រថយន្តអគ្គិសនី, កៅស៊ូ (Latex), អង្ករ, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ម្រេច, គ្រាប់កាហ្វេ, បន្ទះខ្លឹមចន្ទន៍, បន្លែ, ផ្លែឈើ, ម្ហូបអាហារកំប៉ុង អាហារកែច្នៃពីអង្ករ និងប្រភេទទំនិញកសិកម្មកែច្នៃជាច្រើនប្រភេទ។
លោកស្រីរដ្ឋលេខាធិការ បានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងនេះក៏នឹងអនុញ្ញាតឱ្យកម្ពុជាអាចផ្គត់ផ្គង់សេវាពាណិជ្ជកម្មសំខាន់ៗ ដូចជា សេវាកម្មអាជីពនិងធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និងសេវាកម្មបរិស្ថាន ផងដែរ។
លោកស្រីរដ្ឋលេខាធិការ បានបង្ហាញពីក្ដីរំពឹងថា វិស័យឯកជនកម្ពុជានឹងចូលរួមចំណែកក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះឱ្យបានពេញលេញ ដើម្បីចូលរួមជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ដែលការណ៍នេះស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាល ពោលគឺការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងភាពប្រកួតប្រជែង ព្រមទាំងចូលរួមចំណែកគាំទ្រដល់ដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជានាពេលខាងមុខផងដែរ។
លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា កិច្ចព្រមព្រៀងនេះ មិនត្រឹមតែជួយលុបបំបាត់ពន្ធគយ និងរបាំងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតក្របខ័ណ្ឌយុទ្ធសាស្ត្រថ្មីមួយ ដែលនឹងបើកទូលាយ ឱកាសថ្មីៗជាច្រើន សម្រាប់ធុរកិច្ចកម្ពុជា ជាពិសេសក្នុងវិស័យ ដែលមានសក្តានុពលខ្ពស់ ដូចជា ទេសចរណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងឡូជីស្ទីកជាដើម។ កិច្ចព្រមព្រៀងនេះ នឹងជំរុញលំហូរវិនិយោគពីអេមីរ៉ាតអារ៉ាប់រួម មកកាន់កម្ពុជា បង្កើតការងារថ្មីៗ ជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យាទំនើប និងជំនាញ ព្រមទាំងជំរុញឱ្យឧស្សាហកម្មកម្ពុជា កាន់តែមានភាពច្នៃប្រឌិត និងប្រកួតប្រជែង នៅលើឆាក`អន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួមក្នុងរយៈពេល ១០ខែ នៅក្នុងឆ្នាំ២០២៤នេះ មានប្រមាណ ៧៥លានដុល្លារអាម៉េរិក កើនឡើង៧% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ (កម្ពុជាបាននាំចេញប្រមាណ៥៥លានដុល្លារអាម៉េរិក និងនាំចូលប្រមាណ ២០លានដុល្លារអាម៉េរិក)។ ក្នុងនោះ ទំនិញនាំចេញសំខាន់ៗគឺ សម្លៀកបំពាក់ ស្បែកជើង កាបូប យានយន្តនិងគ្រឿងបង្គុំ ផលិតផលកៅស៊ូ រីឯទំនិញនាំចូលសំខាន់ៗពីអេមីរ៉ាតអារ៉ាប់រួមរួមមាន៖ ប្រេងនិងកៅស៊ូប៊ីទីម ថ្នាំជក់ ផលិតផលប្លាស្ទិក ម៉ាស៊ីននិងឧបករណ៍អគ្គិសនី ចំណីកែច្នៃសម្រាប់សត្វ និងគ្រឿងសង្ហារឹម។-ល-។