សៀវភៅរៀបរាប់ពីដំណើរជីវិតដ៏វែងឆ្ងាយរបស់ អ្នកឧកញ៉ា សួរ វីរៈ ដែលផ្តើមចេញពីប្រាក់២ម៉ឺនរៀល ត្រៀមចេញលក់ជាផ្លូវការ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស បានបង្ហើបឱ្យដឹងថា សៀវភៅមានចំណងជើង​ «ថៅកែវ័យក្មេង» ដែលរៀបរាប់ពី​ដំណើរ​ដ៏​វែងឆ្ងាយ​របស់​លោក​ផ្តើមចេញ​ពី​ប្រាក់​ត្រឹម ២ម៉ឺន​រៀល នៅ​លើ​ទឹកដី​ខេត្ត​កោះកុង គ្រោងនឹង​សម្ពោធ​ប្រកាស​​ដាក់​លក់​ជាផ្លូវការ នៅ​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើទំព័រហ្វេសប៊ុក នា​ល្ងាច​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា​អគ្គនាយក បាន​លើកឡើង​ថា ដំណើរ​ដ៏វែងឆ្ងាយដែលផ្តើមចេញពីលុយ ២០,០០០រៀល ខ្លួនទីពឹងខ្លួន នៅលើទឹកដីខេត្តកោះកុង​មកដល់​ថ្ងៃនេះ ជាបទពិសោធន៍ប្រកបដោយមោទកភាព ដែលគ្មានថ្ងៃបំភ្លេចបាន តែផ្លូវដែលត្រូវរត់បន្ត​កាន់តែឆ្ងាយ​ទៀតហើយ។ អ្នកឧកញ៉ា បន្ថែមទៀតថា៖ “សូមអរគុណក្រុមការងារបក្សី ដែលបានចំណាយពេលយ៉ាងយូរ​ក្នុងការតាក់តែង​សៀវភៅនេះ​ឡើង។ ជួបគ្នាថ្ងៃទី ០៨ ធ្នូ ២០២៤ នៅផ្សារទំនើបជីបម៉ុង សុំជួយទិញ​ម្នាក់​មួយ​ក្បាលផង”។

សៀវភៅ​​ចែករំលែកបទពិសោធន៍ជីវិត​របស់​អ្នកឧកញ៉ា សួរ វីរៈ នេះ​នៅ​ផ្នែក​ខាងមុខ មាន​ចំណងជើងធំ​ថា «ថៅកែវ័យក្មេង» និង​ខាង​ក្រោម​ភ្ជាប់ជាមួយ​ឃ្លា «ដើរ​ដើម្បី​រក្សា​លំនឹង»។ រីឯ​នៅ​ផ្នែក​ខាង​ក្រោយ​មាន​​ទស្សន​របស់​អ្នកឧកញ៉ា​ដ៏​មាន​អត្ថន័យ​ថា «ក្លាយ​ខ្លួន​ជា​ថៅកែ ហាក់ដូចជា​ងាយស្រួលណាស់ មើលទៅ​ធ្វើការងារ គ្រាន់​តែ​ស៊ីញ៉េ​រួច​ហើយ​ចប់។ ប៉ុន្តែ​ការពិត​គឺ​ពិបាកណាស់ ត្បិដ​ថា​មិន​ហត់កាយ​តែ​ហត់ចិត្ត ហត់គិត ហត់​បំផុត​គឺ​ពេល​ធ្វើជា​ថៅកែ​ដំបូងៗ។ គ្មានបទពិសោធន៍ ការងារថ្មីៗមិនធ្លាប់ធ្វើ។ អ្នកអាចក្លាយជាថៅកែបាន​ដរាបណា អ្នក​មានការ​តាំង​ចិត្ត​ខ្ពស់ ចេះបត់បែន ចេះតស៊ូ​តាំង​មិនរាថយ មិនចុះចាញ់​ឧបសគ្គ​ទាំង​ឡាយ​ដែល​ត្រូវ​ឆ្លងកាត់”។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​ដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូង​គេក្នុង​ប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីស៊តជាង​១០កន្លែង ដូចជា ឧទ្យានបោះតង់គីរីរម្យ, រំដួលគីរីរម្យ រីស៊ត, សារ៉ារីស៊ត, Eden Beach Resort, Tube Resort, Sandy Beach Resort, Bodega Beach Resort, Apex Koh Kong Hotel, Pidoma Resort, កោះស្តេចរីស៊ត និងកោះអភិជនរីស៊ត៕