អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងអំពីការផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥០ កន្លែង (លើគ្រប់មុខជំនាញ ថ្នាក់បរិញ្ញាបត្រ/បរិញ្ញាបត្ររង) ជូនដល់កូនចៅសិល្បករសិល្បការិនី ជាសមាជិកសមាគម។
ការផ្តល់អាហារូបករណ៍នេះ គឺដើម្បីរួមចំណែកកសាងធនធានមនុស្ស និងជាការតបស្នងចំពោះកិច្ចខិតខំថែរក្សាការពារសិល្បៈវប្បធម៌ ក៏ដូចជាជួយសម្រួលដល់ការខ្វះខាតរបស់សិល្បករមួយចំនួន។ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់អាហារូបករណ៍ចំនួន ៥០ កន្លែងជូនដល់សមាគមសិល្បករខ្មែរ ផ្តល់ជូនបន្តដល់កូនចៅរបស់សិល្បករដែលជាសមាជិក ក្នុងបំណងរួមចំណែកកសាងមូលធនមនុស្ស ស្របតាមយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្ដផ្ដល់អាទិភាពខ្ពស់ចំពោះ «កត្តាមនុស្ស» សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
សម្រាប់បងប្អូនសមាជិកសិល្បករសិល្បការិនី ដែលមានបំណងទទួលបានឱកាសអាហារូបករណ៍ដ៏ពិសេសថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់កូនចៅ សូមរួសរាន់មកសាកសួរព័ត៌មានដោយផ្ទាល់នៅទីស្នាក់ការថ្មី សមាគមសិល្បករខ្មែរ ដែលមានអាសយដ្ឋាន ផ្ទះលេខ៩៣ ផ្លូវ៣៧៦ ភូមិ១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤៕