រាជរដ្ឋាភិបាល នឹងប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាជា «ប៉ូលសេដ្ឋកិច្ចជាតិទំនើប»

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាជា “ប៉ូលសេដ្ឋកិច្ចជាតិទំនើបប្រកបដោយចីរភាព ជីវភាព សុខភាព និងសុភមង្គល និងជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រស្អាតលំដាប់សកលលោក” ដើម្បីរួមចំណែកសំដៅ ប្រែក្លាយ កម្ពុជាជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការលើកឡើងរបស់លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសន្និបាតរបស់ក្រសួងកាលពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៥។

លោករដ្ឋលេខាធិការ បានបន្តថា៖ដើម្បីរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានជំរុញការងារ គ្រប់គ្រង រៀបចំកែលម្អ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មានជាអាទី៍៖ពង្រឹងរៀបចំគោលនយោបាយ ច្បាប់ និងលិខិត បទដ្ឋាន គតិយុត្ត មានគម្រោងអាទិភាពទី១ គឺការរៀបចំច្បាប់ស្ដីពីការគ្រប់គ្រងនិង ការអភិវឌ្ឍតំបន់ ឆ្នេរសមុទ្រកម្ពុជា ដែលសេចក្ដីព្រាងច្បាប់នេះត្រូវបានដាក់បញ្ចូលជាមួយនឹងសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំដែនដី និងនគរូបនីយកម្ម ដែលបានបញ្ចប់កិច្ចពិគ្រោះយោបល់ទូលាយ ដើម្បីបន្តស្នើសុំការអនុម័តស្របតាមនីតិវិធី ជាធរមាន។

គម្រោងអភិវឌ្ឍ រមណីយដ្ឋាន ឆ្នេរខ្សាច់កម្សាន្ត សាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោ សន្តិភាពកែប” ប្រវែង ២ ៧០០ម៉ែត្រ ចាប់ពីផ្សារក្តាមដល់ ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងគម្រោងអភិវឌ្ឍផ្លូវជិះកង់ទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុងព្រមទាំងកម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោមប្រធានបទ “កម្ពុជា: មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ”។

លោកបានបញ្ជាក់ថា៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក៏មានគម្រោងរៀបចំកំពង់ផែទេសចរណ៍ និងគម្រោងកែលម្អនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែបនិងខេត្តកោះកុង៕