សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានយកចិត្តទុកដាក់លើការបោសសម្អាតមីន ដែលជាលទ្ធផលកម្ពុជាបានបោសសម្អាតមីនលើផ្ទៃដីជាង ៣ ០០០ គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តអស់មីនចំនួន ១៥។
សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងជំនួបជាមួយលោកស្រី អាមីដា សាលស៊ីយ៉ាអាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-បាស៊ីហ្វិក (ESCAP) និងជាតំណាងជាន់ខ្ពស់នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងខេត្តសៀមរាប។
នាឱកាសនោះ លោកស្រី អាមីដា សាលស៊ីយ៉ាអាលីសចាបាណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំយ៉ាងល្អកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន”។ទន្ទឹមគ្នានេះ លោកស្រី ក៏ដូចជាបណ្ដាប្រទេសចូលរួមក្នុងកិច្ចប្រជុំនេះ ក៏បានបង្ហាញនូវឆន្ទៈ និងការប្ដេជ្ញាចិត្តរួមជាមួយកម្ពុជា ក្នុងការលុបបំបាត់មីនប្រឆាំងមនុស្សជាតិផងដែរ ។
ទន្ទឹមនឹងការលើកឡើងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណបណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍដែលបានចូលរួមចំណែក និងគាំទ្រកម្ពុជាលើការងារបោសសម្អាតមីន ខណៈសម្តេចថា កម្ពុជាពិតជាមានមោទនភាពដែលបានចូលរួមចំណែកក្នុងការចែករំលែកនូវបទពិសោធន៍ និងផ្ដល់ការបណ្ដុះបណ្ដាលអំពីជំនាញបោសសម្អាតមីនដល់បណ្ដាប្រទេសនានានៅលើពិភពលោក។
គួរបញ្ជាក់ដែរថា កម្ពុជាធ្លាប់ជាប្រទេសដែលរងគ្រោះដោយសារសង្គ្រាម និងបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន នៅលើផ្ទៃដីកម្ពុជា ។ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្ដិភាពពេញលេញនៅឆ្នាំ១៩៩៨ កម្ពុជាបានយកចិត្តទុកដាក់លើការបោសសម្អាតមីន ដែលជាលទ្ធផល គិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាតមីនលើផ្ទៃដីជាង ៣ ០០០ គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តអស់មីនចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្ត និងនៅមានផ្ទៃដីដែលនៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជិត១៧០០គីឡូម៉ែត្រការ៉េ។ នេះបើតាមការបញ្ជាក់បន្ថែមពីសម្តេចធិបតី ហ៊ុន ម៉ាណែត៕ អត្ថបទ៖ ហ្សាលីន