សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ERI Arfiya អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ពិសេសផ្តោតលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំថែមទៀត។ភាគីទាំងពីរ បានលើកឡើងបែបនេះ នៅក្នុងជំនួប កាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នាខេត្តសៀមរាប។
ទន្ទឹមគ្នានេះ លោកស្រីអនុរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការកសាងទំនុកចិត្តរវាងរដ្ឋាភិបាលជប៉ុន និងកម្ពុជា មិនត្រឹមតែបន្តរក្សាប៉ុណ្ណោះទេ ប៉ុន្តែនឹងបន្តពង្រឹង និងពង្រីក បន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងជប៉ុន ដែលបានឈានទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈសម្តេចក៏អំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកនៅក្នុងដំណើរការនៃការស្វែងរកនូវសន្តិភាពនៅកម្ពុជា និងការកសាង និងស្ដារប្រទេសកម្ពុជាឡើងវិញ ជាមួយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដូចសព្វថ្ងៃនេះ។
តាមរយៈជំនួបនោះ សម្ដេចធិបតី និងលោកស្រីអនុរដ្ឋមន្ត្រី បានបន្តពិភាក្សាលើការពង្រឹង និងពង្រីកនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅលើវិស័យជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, គមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និងសកម្មភាពមីនជាដើម។លើសពីនេះ ភាគីទាំងពីរ ក៏បានប្ដេជ្ញាបន្តពូនជ្រុំឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា-ខែកញ្ញា ឆ្នាំ ២០២៤ ការនាំចេញ នាំចូលទំនិញរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុប ១ ៥៩៥ លានដុល្លារ កើនឡើង ១៦,៧ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានចំនួន ១ ៣៦៦,៨៤ លានដុល្លារ។
ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅជប៉ុន ១ ០៥៧,០៧ លានដុល្លារ កើនឡើង ១៩,៣ ភាគរយ ចំណែកជប៉ុននាំមកកម្ពុជា ៥៣៧,៩៤ លានដុល្លារ កើនឡើង ១១,៨ ភាគរយ។ ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទី៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងថៃ៕ អត្ថបទ៖ ហ្សាលីន