មេធំ Amazon និងគូសេ្នហ៍ បរិច្ចាគលុយជាង ១០០លានដុល្លារ ជួយដល់គ្រួសារដែលគ្មានផ្ទះសម្បែងរស់នៅ

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និងគូស្នេហ៍ គឺអ្នកនាង Lauren Sanchez កាលពីពេលថ្មីៗនេះ បានបរិច្ចាគទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារ ដើម្បីជួយដល់គ្រួសារជាច្រើនដែលគ្មានផ្ទះសម្បែងរស់នៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា ទឹកប្រាក់សរុបចំនួន ១១០,៥លានដុល្លារ នឹងត្រូវផ្តល់ទៅឲ្យអង្គការចំនួន ៤០ ដែលផ្តោតលើភាពគ្មានផ្ទះសម្បែងរស់នៅរបស់គ្រួសារនីមួយៗ តាមរយ:មូលនិធិ Bezos Day 1 Families របស់ពួកគេ។

ទន្ទឹមនឹងនេះ លោកស្រី Sanchez បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ជាមួយនឹងភាពគ្មានផ្ទះសម្បែងកំពុងបន្តកើនឡើង នេះជាពេលវេលាដ៏សំខាន់បំផុតដើម្បីគាំទ្រដល់បុគ្គល និងអង្គការទាំងនោះ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ។ គ្រប់គ្រួសារទាំងអស់សមនឹងទទួលបានផ្ទះមួយដើម្បីរស់នៅ ហើយយើងពិតជាអរគុណដែលអាចចូលរួមចំណែកក្នុងការធ្វើឲ្យរឿងនេះក្លាយជាការពិត”។

ជាមួយគ្នានេះ ស្ថាបនិកក្រុមហ៊ុន Amazon លោក Bezos បាននិយាយផងដែរថា៖ “អង្គការចំនួន ៤០ ដែលយើងកំពុងទទួលស្គាល់នាពេលបច្ចុប្បន្ននេះ កំពុងនាំមុខគេលើការងារដើម្បីបញ្ចប់ភាពគ្មានផ្ទះសម្បែង និងកសាងឯករាជ្យភាពសម្រាប់គ្រួសារជាច្រើន។ គ្មាន​កុមារ​ណាមួយគួររស់នៅដោយគ្មានផ្ទះសម្បែងនោះឡើយ ហើយ​ការបរិច្ចាគនេះ នឹងជួយដល់ការ​ខិត​ខំ​ប្រឹង​ប្រែង​ដ៏​អស្ចារ្យ​របស់​អង្គការ​ទាំងនោះ”។

ជម្រាបជូនផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលគូស្នេហ៍មួយគូនេះ បានចំណាយទឹកប្រាក់យ៉ាងច្រើនដល់អង្គការសប្បុរសធម៌ ដោយកាលពីមួយខែមុន ពួកគេក៏បានបរិច្ចាគទឹកប្រាក់ដល់ទៅ ១០០លានដុល្លារ តាមរយៈមូលនិធិ Bezos Earth របស់ពួកគេដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ផងដែរ៕