ប្រាសាទកោះកេររបស់កម្ពុជា ជាប់ក្នុងបញ្ជីកំពូល ជាទិសដៅទេសចរណ៍ គួរតែទៅទស្សនាជាងគេនៅឆ្នាំ២០២៥

អន្តរជាតិ

កោះកេរ ដែលជាប្រាសាទមានវ័យចំណាស់មួយរបស់ប្រទេសកម្ពុជា បានក្លាយជាអ្នកតំណាងតំបន់ទេសចរណ៍ទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រោះមានតែប្រាសាទកោះកេរតែមួយគត់ ដែលជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍ចំនួន ២៥តំបន់នៅជុំវិញពិភពលោក គួរតែទៅទស្សនាសម្រាប់ឆ្នាំ២០២៥ របស់ទស្សនាវដ្តី Fodor’s Travel ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រាសាទកោះកេរ មានទីតាំងនៅក្នុងខេត្តព្រះវិហារ ចម្ងាយប្រហែល ១២០គីឡូម៉ែត្រពីខេត្តសៀមរាប ដែលបានបម្រើការជារាជធានីនៃអាណាចក្រខ្មែរក្នុងសតវត្សទី១០។ ទីតាំងនេះ មានប្រាសាទជាង៨០ ដែលកំពុងឈរយ៉ាងស្កឹមស្កៃបង្អួតរាងក្នុងព្រៃក្រាស់។ ក្នុងចំណោមប្រាសាទសំខាន់ៗជាច្រើនទាំងនោះ មានប្រាសាទធំមួយ មានរាងពីរ៉ាមីតកម្ពស់ប្រាំពីរជាន់តែមួយគត់នៅអាស៊ី មានទំហំ ៥៥ម៉ែត្រការ៉េ និងមានកម្ពស់ ៣០ម៉ែត្រពីលើដីទំនាប។ ប្រាសាទកោះកេរ ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅចុងឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា អាស៊ីត្រូវបានតំណាងដោយតំបន់ជាគោលដៅចំនួនបី ជាការពិតចំណាត់ថ្នាក់កំពូល គឺប្រាសាទកោះកេរក្នុងប្រទេសកម្ពុជានេះឯង ខណៈកន្លែងគួរតែទៅនៅចំណាត់ថ្នាក់បន្ទាប់គឺ មេហ្គាឡាយ៉ា (Meghalaya) នៅប្រទេសឥណ្ឌា និងទីក្រុងនីកូ (Nikko) ក្នុងប្រទេសជប៉ុន។

ដោយឡែក ទ្វីបអឺរ៉ុបមានតំបន់ចំនួន៥ នៅក្នុងបញ្ជី រួមមាន៖ Camargue នៅប្រទេសបារាំង ទីក្រុង Helsinki ក្នុងប្រទេសហ្វាំងឡង់ Meteora នៅប្រទេសក្រិច Masurian Lake ក្នុងប្រទេសប៉ូឡូញ និង Vestmannaeyjar នៅអ៊ីស្លង់។

ជាមួយគ្នានោះ សហរដ្ឋអាមេរិកក៏មានតំបន់ចំនួន៥ ដែលគួរតែទៅផងដែរ តួយ៉ាង៖ ឧទ្យានជាតិ Badlands នៅ South Dakota, Houston ក្នុងរដ្ឋ Texas, Las Vegas ក្នុងរដ្ឋ Nevada, Los Olivos ក្នុងរដ្ឋ California និងទីក្រុងជាប់ឆ្នេរសមុទ្រ Michigan ៕