ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់ប្រទេសបារាំង TotalEnergies បានប្រកាសថាខ្លួននឹងផ្អាកការវិនិយោគនៅក្នុងក្រុមហ៊ុន Adani Group បន្ទាប់ពីមហាសេដ្ឋីកំពូលរបស់ឥណ្ឌា លោក Gautam Adani ដែលជាម្ចាស់ក្រុមហ៊ុន កំពុងស្ថិតនៅក្រោមការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលអាមេរិក ជុំវិញគម្រោងសូកប៉ាន់ដែលមានតម្លៃរាប់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញការផ្អាកការវិនិយោគរបស់ក្រុមហ៊ុន TotalEnergies នេះ បានកើនឡើង ក្រោយអាជ្ញាធរសហរដ្ឋអាមេរិក បានចោទប្រកាន់ទៅលើលោក Adani និងមនុស្សប្រាំពីរនាក់ផ្សេងទៀត ដោយបានយល់ព្រមបង់ប្រាក់ចំនួន ២៦៥លានដុល្លារ ជាសំណូកដល់មន្ត្រីរដ្ឋាភិបាលឥណ្ឌា។
ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនថាមពលបារាំង បាននិយាយថា ខ្លួនបានដឹងពីការចោទប្រកាន់របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងនាយកប្រតិបត្តិក្រុមហ៊ុន Adani Group មួយចំនួន សម្រាប់ការចោទប្រកាន់ពីបទពុករលួយពាក់ព័ន្ធនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធ Adani Green Energy Limited (AGEL) ដែលខ្លួនបានបណ្តាក់ទុនលើ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន TotalEnergies បាននិយាយទៀតថា ខ្លួននឹងចាត់វិធានការពាក់ព័ន្ធទាំងអស់ ដើម្បីការពារផលប្រយោជន៍ក្នុងនាមជាម្ចាស់ភាគហ៊ុនជិត ២០% នៃក្រុមហ៊ុន AGEL និងភាពជាដៃគូបណ្តាក់ទុនរួមគ្នានៅក្នុងគម្រោងជាមួយ AGEL ផងដែរ៕
ជម្រាបជូនផងដែរថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Adani Green Energy បានធ្លាក់ចុះដល់ជាង ១១% កាលពីថ្ងៃចន្ទ បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន TotalEnergies ជុំវិញការផ្អាកការវិនិយោគនេះត្រូវបានធ្វើឡើង៕