បិតាវិនិយោគ Warren Buffett គ្រោងបរិច្ចាគជាង ១ពាន់លានដុល្លារបន្ថែមទៀត ដល់អង្គការសប្បុរសធម៌

អន្តរជាតិ

កំពូលមហាសេដ្ឋីលំដាប់ពិភពលោក Warren Buffett គ្រោងនឹងបរិច្ចាគភាគហ៊ុនដែលមានតម្លៃរហូតដល់ទៅ ១,១៤ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងក្រុមហ៊ុនវិនិយោគ Berkshire Hathaway ទៅកាន់អង្គការសប្បុរសធម៌ធំៗចំនួន៤ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនវិនិយោគដែលមានមូលដ្ឋាននៅទីក្រុង Omaha រដ្ឋ Nebraska បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទទី២៥ ខែវិច្ឆិកានេះថា លោក Buffett នឹងបំប្លែងភាគហ៊ុនចំនួន ១ ៦០០ នៃភាគហ៊ុន Class A របស់ក្រុមហ៊ុន Berkshire ទៅជាភាគហ៊ុន Class B ដែលមានចំនួន ២,៤ លានហ៊ុនវិញ សម្រាប់ផ្តល់ជាអំណោយទៅកាន់អង្គសប្បុរសធម៌ធំៗទាំងនោះ។

ក្នុងចំណោមភាគហ៊ុនដែលលោក Beffett នឹងត្រូវបរិច្ចាគលើកនេះ មូលនិធិ Susan Thompson Buffett នឹងទទួលបានភាគហ៊ុនសរុបចំនួន ១,៥លានហ៊ុន ដែលមានតម្លៃប្រហែល ៧១៤លានដុល្លារ ស្របពេលមូលនិធិ Sherwood , Howard G. Buffett និងមូលនិធិ NoVo ក៏នឹងទទួលបានចំនួន ៣សែនហ៊ុនម្នាក់ ដោយអំណោយនីមួយៗមានតម្លៃប្រហែល ១៤៣លានដុល្លារ។

គួរឲ្យដឹងផងដែរថា លោក Buffett បានកាត់បន្ថយការកាន់កាប់ភាគហ៊ុន Class A របស់លោក នៅក្នុងក្រុមហ៊ុន Berkshire មកត្រឹមចំនួនជាង ២សែនហ៊ុនប៉ុណ្ណោះ ពោលគឺបានថយចុះ ៥៧% ចាប់តាំងពីលោកបានចាប់ផ្តើមបរិច្ចាគក្នុងឆ្នាំ២០០៦ មក។

ជម្រាបជូនផងដែរថា បច្ចុប្បន្ន លោក Buffett មានទ្រព្យសម្បត្តិសរុបចំនួន ១៥២ពាន់លានដុល្លារ ដោយបានធ្វើឲ្យលោកជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងបញ្ជីកំពូលមហាសេដ្ឋីមានដាច់គេនៅលើពិភពលោក។ នេះបើយោងតាមសារព័ត៌មាននិយាយពីសេដ្ឋី Bloomberg៕