គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៤០ លានដុល្លារ ទទួលបានការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេស ពីរាជរដ្ឋាភិបាល

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទនៅខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ ៤០លានដុល្លារ ទទួលបានការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសពីរាជរដ្ឋាភិបាល។ នេះជាការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី, ព្រមទាំងការស្នើចូលសញ្ជាតិខ្មែរ របស់គម្រោងវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង តំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងយុត្តិធម៌, ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួងមហាផ្ទៃ, ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងទេសចរណ៍, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គិសនីកម្ពុជា, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។

អង្គប្រជុំ បានពិនិត្យសម្រេចលើការស្នើរបស់ក្រុមហ៊ុនវិនិយោគឧស្សាហកម្មធុនធ្ងន់ផ្នែកកែច្នៃដែក ដែលមានសកម្មភាពអាជីវកម្ម រួមមាន ការពន្លា, ការច្រៀកដែកសន្លឹក និង ដែករនាប ដើម្បីកែច្នៃទៅធ្វើគ្រោងដែកផ្សេងៗ សម្រាប់បម្រើការក្នុងវិស័យសំណង់ ក្រោមទុនវិនិយោគប្រមាណ ៤០ លានដុល្លារអាម៉េរិក ។

ជាមួយគ្នានេះ, អង្គប្រជុំបានពិនិត្យ និង ពិភាក្សា ដើម្បីស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល លើការស្នើសញ្ជាតិខ្មែររបស់វិនិយោគិនដែលមានសក្តានុពលខ្ពស់ចំនួន ២ រូប ដែលមានគម្រោងវិនិយោគពាក់ព័ន្ធនឹងការកែច្នៃអាលុយមីញ៉ូម និង ការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុប ចំនួន ១១០ លានដុល្លារអាម៉េរិក ក្នុងទំហំដី ៣០៣ ហិកតា៕