ប្រធានាធិបតីជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ បានសន្យាកាលពីថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកាថា លោកនឹងដាក់ពន្ធបន្ថែម ២៥% លើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា ពោលគឺនៅថ្ងៃដំបូងដែលលោកនឹងត្រូវចូលកាន់តំណែងជាប្រធានាធិបតីផ្លូវការ។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។
នៅក្នុងសារមួយលើបណ្តាញសង្គម Truth Social លោក ត្រាំ បាននិយាយថា៖ “ដូចដែលមនុស្សគ្រប់គ្នាបានដឹង មនុស្សរាប់ពាន់នាក់កំពុងធ្វើចំណាកស្រុកកាត់ម៉ិកស៊ិក និងកាណាដា ដោយនាំមកនូវឧក្រិដ្ឋកម្ម និងគ្រឿងញៀនក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក។ នៅថ្ងៃទី២០ ខែមករា ជាថ្ងៃដែលខ្ញុំចូលកាន់តំណែងផ្លូវការ ខ្ញុំនឹងចុះហត្ថលេខាលើឯកសារចាំបាច់ទាំងអស់ ដើម្បីគិតថ្លៃពន្ធ ២៥% លើផលិតផលទាំងអស់ដែលចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក និងបញ្ហាបើកព្រំដែនរបស់ពួកគេ”។
ជុំវិញការប្រកាសនេះ លោក Arturo Sarukhan អតីតអ្នកការទូតម៉ិកស៊ិក បាននិយាយថា ការសម្រេចចិត្តនេះនឹងបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានកែប្រែរវាងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដែលត្រូវបានគេស្គាល់ថា USMCA ហើយលោកបានសង្កត់ធ្ងន់ទៀតថា ពន្ធថ្មីនេះអាចនឹងធ្វើឲ្យទំនាក់ទំនងអាមេរិកខាងជើងធ្លាក់ចុះ។
គួរបញ្ជាក់ថា ម៉ិកស៊ិក និងកាណាដា ជាដៃគូពាណិជ្ជកម្មដ៏ធំរបស់អាមេរិក ដោយកាលពីឆ្នាំ២០២៣ ម៉ិកស៊ិក បាននាំចេញទំនិញជាង ៨៣% នៃទំនិញសរុបរបស់ខ្លួន ទៅកាន់ទឹកដីសហរដ្ឋអាមេរិក។ រីឯកាណាដា បាននាំចេញទំនិញ ៧៥% នៃទំនិញសរុបទៅកាន់អាមេរិក ក្នុងឆ្នាំ២០២៣។
ទន្ទឹមនឹងនេះ នៅក្នុងការបង្ហោះមួយផ្សេងទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social លោក ត្រាំ បាននិយាយទៀតថា អាមេរិក ក៏នឹងដាក់ពន្ធ ១០% លើទំនិញនាំចូលពីប្រទេសចិន ផងដែរ ដោយលើកហេតុផលថា រដ្ឋាភិបាលទីក្រុងប៉េកាំង គ្មានវិធានការច្បាស់លាស់ ដើម្បីបញ្ឈប់ការលំហូរចូលនៃគ្រឿងញៀនប្រភេទ Fentanyl ដែលឆ្លងកាត់តាមប្រទេសម៉ិកស៊ិក មកកាន់ទឹកដីអាមេរិក៕