សមាគមស្វាយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីវៀតណាម គ្រោងសហការគ្នានាំចេញស្វាយចន្ទីស្ងួតកម្ពុជារាប់ម៉ឺនតោន ទៅឥណ្ឌា និងវៀតណាម

សង្គម​ និង​សេដ្ឋកិច្ច

សមាគមស្វាយចន្ឬីកម្ពុជា(ស ស ក) និងសមាគមស្វាយចន្ទីវៀតណាម (Vinacas) នឹងសហការគ្នាក្នុងការនាំចេញស្វាយចន្ទីស្ងួតរបស់កម្ពុជាជាច្រើនម៉ឺនតោន ទៅកាន់ប្រទេសឥណ្ឌា និងវៀតណាម នារដូវកាលប្រមូលផលឆ្នាំ២០២៥ខាងមុខ។នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ប្រទេសវៀតណាមជាប្រទេសដែលផលិត កែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេលើពិភពលោក ដោយវៀតណាមអាចផលិតគ្រាប់ឆៅបានតែ៣០ម៉ឺនតោនប៉ុណ្ណោះ ខណៈវៀតណាមត្រូវការ៣លានតោន ក្នុងការកែច្នៃ។ អីចឹងហើយបានជាមកដល់បច្ចុប្បន្ន វៀតណាមត្រូវការទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា និងប្រទេសអាហ្វ្រិកមកបង្គ្រប់ការកែច្នៃរបស់ខ្លួន។

លោកបន្តថា កម្ពុជាធ្លាប់បានចុះអនុស្សរណៈយោគយល់គ្នាម្តងរួចមកហើយ រវាងសមាគមស្វាយចន្ទីកម្ពុជា ជាមួយនិងសមាគមចន្ទីវៀតណាម កាលពីឆ្នាំ២០២២ ក្នុងគោលបំណងឱ្យកម្ពុជាជួយផ្គត់ផ្គង់គ្រាប់ឆៅ ប៉ុន្តែកន្លងមកយើងមិនបាននាំគ្រាប់ដោយផ្ទាល់ទេ គឺតាមរយៈក្រុមហ៊ុនប៉ុណ្ណោះ។ លោកបន្តទៀតថា យើងចង់ពង្រឹងទំនាក់ទំនង និងពង្រឹងទៅលើអនុស្សរណៈដែលបានចុះនោះ គឺចង់ឱ្យក្រុមហ៊ុនទាំងឡាយមកតាមរយៈសមាគមចន្ទីវៀតណាម មកទិញពីប្រទេសកម្ពុជា ហើយចូលកាត់សមាគមស្វាយចន្ទីកម្ពុជា ដើម្បីជាការងាយស្រួលក្នុងការដឹកជញ្ជូន ការប្រមូលទិញពីកសិករ។

បើតាមលោក អួន ស៊ីឡុត ឥណ្ឌាក៏ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីនាំចេញកែច្នៃលេខ២លើពិភពលោកដែរ ពោលឥណ្ឌាអាចផលិតបាន ៧០ម៉ឺនតោន ក្នុងមួយឆ្នាំ​ ប៉ុន្តែការប្រើប្រាស់ក្នុងស្រុក គឺឥណ្ឌាប្រើប្រាស់ច្រើនជាងគេរហូតដល់៣០% នៃផលិតផលគ្រាប់ចន្ទីកែច្នៃ។ ដូច្នេះ ឥណ្ឌាក៏ត្រូវការទិញពីកម្ពុជាផងដែរ។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា បើសិនជាកម្ពុជាមានទីផ្សារវៀតណាមផង ទីផ្សារឥណ្ឌាផង ទីផ្សារចិនផងដែលអាចប្រមូលទិញស្វាយចន្ទីពីកម្ពុជា លោកគិតថា យើងមានតម្លៃស្ថេរភាពមួយជូនកសិកររបស់យើង។

គួរបញ្ជាក់ជូនថា កិច្ចសហការរវាងសមាគមស្វាយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីវៀតណាម គឺប្រហែលចុងខែធ្នូ ឆ្នាំ២០២៤ ឬដើមខែមករា ឆ្នាំ២០២៥ ព្រោះឱ្យទាន់រដូវកាលទិញដូរគ្រាប់ស្វាយចន្ទី ក្នុងខែមីនា ឬមេសា ឆ្នាំ២០២៥។

វិស័យស្វាយចន្ទីនៅកម្ពុជា គឺអាចផលិតបានច្រើនហួសសមត្ថភាព ប៉ុន្តែ កម្ពុជាអាចកែច្នៃបានតែ១០%ប៉ុណ្ណោះ ដូច្នេះហើយជាការចាំបាច់ណាស់ដែលកម្ពុជាត្រូវការទីផ្សារពីវៀតណាម ឥណ្ឌា និងចិន ដើម្បីស្រូបទាញកសិផល កុំឱ្យជញ់នៅលើទីផ្សារ។ ទន្ទឹមនឹងនេះ គោលដៅរបស់សមាគមស្វាយចន្ទីកម្ពុជា គឺមិនមែនតែទាក់ទងទីផ្សារប៉ុណ្ណឹងនោះទេ ពៅលគឺនៅមានចិន និងកូរ៉េផងដែរ ដែលកំពុងតែចរចារគ្នា នៅឆ្នាំបន្តបន្ទាប់ទៀត។នេះបើតាមការបញ្ជាក់បន្ថែមពីលោក អួន ស៊ីឡុត។

សូមជម្រាបជូនផងដែរថា ប្រទេសកម្ពុជាមានលក្ខខណ្ឌដីសមស្របខ្ពស់ដែលមានសក្តានុពលសម្រាប់ដាំដុះដំណាំស្វាយចន្ទីប្រមាណជាង ១,២៤លានហិកតា ហើយបច្ចុប្បន្ននេះ ផ្ទៃដីដែលបានដំណាំស្វាយចន្ទីសរុបមានប្រមាណ ៥៨០ ១១៧ ហិកតា។

កម្ពុជាបានដាក់ចេញ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» កាលពីថ្ងៃ ១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលគោលនយោបាយនេះនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី ការនាំចេញ ដើម្បីជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី នៅលើពិភពលោក៕