ក្រុមហ៊ុនធំមួយរបស់ថៃ ចង់វិនិយោគលើវិស័យថាមពលបច្ចេកវិទ្យានៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Gulf Energy Development Public Company Limited របស់ប្រទេសថៃ បានបង្ហាញពី ចំណាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីសិក្សាស្វែងយល់ពីសក្តានុពលពីវិស័យថាមពលបច្ចេកវិទ្យានៅកម្ពុជារួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Somsak Chutanan ទីប្រឹក្សាប្រតិបត្តិនៃក្រុមហ៊ុន Gulf Energy Development Public Company Limited (GULF) របស់ប្រទេសថៃ កាលថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងជំនួបនាឱកាសនេះ លោក Somsak Chutanan បានថ្លែងអំណរគុណជូនចំពោះ ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអនុញ្ញាតជូនរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ពិសេសលោកក៏បានបង្ហាញចំណាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាបន្ថែមផងដែរ។

លោកបានបញ្ជាក់ឱ្យដឹងទៀតថា ក្រុមហ៊ុន GULF គឺជាក្រុមហ៊ុនដ៏ធំមួយក្នុងប្រទេសថៃ ដែលមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់បទពិសោធន៍ជោគជ័យរបស់ខ្លួនដើម្បីស្វែងយល់អំពីសក្ដានុពលនៃការវិនិយោគលើវិស័យថាមពល បច្ចេកវិទ្យា និងវិស័យផ្សេងៗនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ដែរថា ក្នុងយៈពេល១០ខែក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប៣៤៦គម្រោង ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមាន១៣២។ ហើយទាំងអស់នេះ ក្នុងទុនវិនិយោគសរុបប្រមាណ៥,៥ប៊ីលានដុល្លា, បង្កើតការងារ បាន២៧ម៉ឺនកន្លែង។ ជារួម ទំហំទុនវិនិយោគនេះ គឺមានកំណើនប្រមាណ៣៨%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

យ៉ាងណាមិញ លោក ស៊ុន ចាន់ថុល ធ្លាប់បានគូសរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងដើរតួនាទីជាអ្នកសម្របសម្រួលធុរកិច្ច និងវិនិយោគ ដោយបានចាត់ទុកវិស័យឯកជនជាដៃគូ និងជាកាតាលីករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចថែមទៀត៕ អត្ថបទ៖ ហ្សាលីន