រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី ខណៈក្នុងនោះរដ្ឋ ក៏បានសម្រេចលើកលែងពន្ធប្រថាប់ត្រាដល់អ្នកដែលទិញលំនៅឋាន ដែលមានតម្លៃក្រោម ៧ ម៉ឺនដុល្លាររហូតដល់ដំណាច់ឆ្នាំ២០២៥ផងដែរ។
នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតិ ហ៊ុន ម៉ាណែត ក្នុងអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
នាឱកាសនោះ សម្តេចធិបតី ដើម្បីជួយជំរុញដល់ការងើបឡើងវិញនៃវិស័យអចលទ្រព្យកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចបន្តអនុគ្រោះឱ្យរួចពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះតម្លៃក្រោម ៧ម៉ឺនដុល្លារ រហូតដល់ដាច់ឆ្នាំ២០២៥ បើទោះបីផ្ទះនោះមានកិច្ចសន្យាទិញ-លក់ មុនឆ្នាំ២០២០ក៏ដោយ។
បន្ថែមលើសពីនេះ សម្តេចធិបតីក៏កំពុងរៀបចំឱ្យមានការលើកទឹកបន្ថែមទៀត ដោយអនុញ្ញាតឱ្យអ្នកទិញផ្ទះលើកទី១ តម្លៃ២១ម៉ឺនដុល្លារចុះក្រោម ក៏ទទួលបានការលើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិផងដែរ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា៖ «ឥឡូវខ្ញុំកំពុងឱ្យរៀបចំគោលការណ៍មួយទៀត គឺសម្រាប់អ្នកទិញផ្ទះលើកទី១ ក្នុងបុរី ឬខុនដូ ដើម្បីជួយឱ្យគេទិញ អ្នកដែលមានតម្លៃលើសពី ៧ម៉ឺនដុល្លារ តែក្រោម២១ម៉ឺនដុល្លារ គឺឱ្យរួចពន្ធប្រថាប់ត្រាដែរអនុវត្តរហូតដល់ឆ្នាំ ២០២៥»។
សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យអគ្គនាយករដ្ឋានពន្ធដារ ត្រូវផ្តល់គោលការណ៍នេះ ទៅដល់បណ្តាញសាខាពន្ធដារគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ដើម្បីអនុវត្តន៍ឱ្យត្រឹមត្រូវ។
គួរបញ្ជាក់ថា ការអនុគ្រោះពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ត្រូវបានរដ្ឋាភិបាលអះអាងថា គឺវិធានការសង្គ្រោះវិស័យចលនទ្រព្យ ដើម្បីចាក់បញ្ចូលសាច់ប្រាក់ (បង្កើតចរន្តទិញ-លក់) ក្នុងវិស័យអចលនទ្រព្យ ជំរុញចរន្តសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ ហ្សាលីន