លោក Elon Musk ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla និងជាសហប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលថ្មីដែលផ្តល់ប្រឹក្សាដល់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានរិះគន់ម្តងទៀតចំពោះយន្តហោះចម្បាំង F-35 ដោយលើកឡើងពីគុណវិបត្តិនៃការផលិតរថយន្តប្រភេទនេះ ថាគ្មានសុវត្ថិភាពសម្រាប់អ្នកបើកនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។
នៅក្នុងការបង្ហោះសារលើបណ្តាញសង្គម Xរបស់ខ្លួន លោក Musk បានសរសេរថា ៖”ការរចនាយន្តហោះចម្បាំង F-35 នេះ គឺគ្មានបានការតាំងតែពីដំបូង ដោយសារតែវាមានកិច្ចការច្រើនពេក សម្រាប់មនុស្សជាច្រើន។ មូលហេតុនេះហើយទើបធ្វើឲ្យវាមានតម្លៃថ្លៃ និងស្មុគស្មាញច្រើន ប៉ុន្តែវាមិនល្អឥតច្ចោះនោះឡើយ”។
ស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ បានន្ថែមទៀតថា៖” គម្រោងនេះនឹងមិនអាចជោគជ័យបានរហូតនោះទេ។ ហើយយន្តហោះចម្បាំងដែលមានមនុស្សបើក គឺលែងប្រើក្នុងយុគសម័យនៃយន្តហោះគ្មានមនុស្សបើកនេះហើយ។ ការបន្តប្រើប្រាស់ F-35 នឹងអាចសម្លាប់អ្នកបើកយន្តហោះប៉ុណ្ណោះ”។
គួរឲ្យដឹងផងដែរថា ជុំវិញការរិះគន់នេះ ត្រូវធ្វើឡើងក្រោយសេចក្តីថ្លែងការណ៍មួយរបស់លោក Musk ដែលបានចោទសួរពីភាពពាក់ព័ន្ធនៃយន្តហោះចម្បាំងដែលមានមនុស្សបើក នៅក្នុងសង្គ្រាមសម័យទំនើបនាពេលបច្ចុប្បន្ននេះ។
មិនតែប៉ុណ្ណោះ លោក Musk ក៏បានចែករំលែកវីដេអូមួយរបស់ប្រទេសចិន ដែលបានដាក់បង្ហាញយន្តហោះគ្មានមនុស្សបើកដ៏ទំនើបរបស់ពួកគេ ដោយសរសេរទៀតថា ៖”ទន្ទឹមនឹងនោះ នៅតែមានមនុស្សល្ងីល្ងឺមួយចំនួន បន្តផលិតយន្តហោះចម្បាំងដែលមានមនុស្សបើកដូចជា F-35 ទៀត”។
ជម្រាបជូនផងដែរថា យន្តចម្បាំង F-35 គឺជាកម្មវិធីថ្លៃបំផុតរបស់ក្រសួងការពារជាតិអាមេរិក ដោយបានចំណាយលើសពីការរំពឹងទុករហូតដល់ ២ទ្រីលានដុល្លារ។ នេះបើយោងតាមការិយាល័យគណនេយ្យភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕