ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនមួយ បានរាយការណ៍ថា អតីតប្រធានធនាគារកំពូលរបស់ចិន លោក Liu Liange កាលពីថ្ងៃអង្គារ ត្រូវបានតុលារសម្រេចព្យួរទោសប្រហារជីវិត បន្ទាប់ពីត្រូវបានចោទប្រកាន់នៅក្នុងការប្រព្រឹត្តិអំពើពុករលួយ ដែលជាការវិវឌ្ឍន៍ចុងក្រោយបំផុតនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំរបស់ប្រធានាធិបតីលោក ស៊ី ជិនពីង។
ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថា លោក Liu ដែលជាអតីតប្រធានធនាគារកណ្តាលចិន ត្រូវបានកាត់ទោសប្រហារជីវិត ជាមួយនឹងការបន្ធូរបន្ថយរយៈពេលពីរឆ្នាំ សម្រាប់ការទទួលសំណូដ៏ធំបំផុតមួយ ក្នុងចំនួនទឹកប្រាក់ ១២១លានយន់ (១៦,៧លានដុល្លារ) ។
ប្រភពដដែល បានបង្ហាញឲ្យដឹងទៀតថា លោក Liu បានប្រើប្រាស់តួនាទីរបស់ខ្លួន នៅក្នុងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០២២ ដើម្បីជួយសម្រួលដល់អង្គការ និងបុគ្គលជាច្រើន ជាថ្នូរនឹងលុយ និងទ្រព្យសម្បត្តិផ្សេងៗ។
គួរឲ្យដឹងផងដែរថា ការកាត់ទោសប្រហារជីវិតរបស់ Liu ត្រូវបានបន្ធូរបន្ថយ ដោយសារតែលោក បានចូលរួមសហការជាមួយនឹងការស៊ើបអង្កេតរបស់អាជ្ញាធរ ដោយបានប្រគល់មកវិញនូវទ្រព្យសម្បត្តិ និងបង្ហាញពីវិប្បដិសារីចំពោះទង្វើរបស់ខ្លួន។ នេះបើយោងតាមទូរទស្សន៍ CCTV ។
ជម្រាបជូនថា លោក Liu គឺជាឥស្សរជនជាន់ខ្ពស់ចុងក្រោយបង្អស់ដែលត្រូវប្រឈមមុខនឹងការដាក់ទោស នៅក្នុងការបង្រ្កាបដ៏ធំបំផុតលើអំពើពុករលួយ ក្នុងឧស្សាហកម្មហិរញ្ញវត្ថុរបស់ប្រទេស។ លោក Liu បានបម្រើការ ជាប្រធានធនាគារនៃប្រទេសចិន ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដែលជាធនាគារធំបំផុតមួយ ក្នុងចំណោមធនាគាររដ្ឋធំបំផុតទាំងបួនរបស់ចិន៕