នាវា Opera Megayacht ត្រូវបានគេដឹងថាជាកម្មសិទ្ធិរបស់គ្រួសារខ្សែរាជវង្ស Abu Dhabi នោះគឺព្រះអង្គម្ចាស់ Sheikh Abdullah bin Zayed Al Nahyan បច្ចុប្បន្នមានតួនាទីជារដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអារ៉ាប់រួម។ ក្រោយពីអណ្តែតលើផ្ទៃសាគរអស់រយៈពេលប្រាំមួយខែ នៅសមុទ្រមេឌីទែរ៉ាណេ នាវាមួយគ្រឿងនេះ កំពុងត្រឡប់វិលមកកាន់មជ្ឈឹមបូព៌ា ជាទឹកដីកំណើតវិញ ក្រោយចាក់បំពេញប្រេងម៉ាស៊ូតអស់ដល់ចំនួន ៥០០តោន ឬស្មើនឹងការចាយប្រាក់អស់រហូតដល់ទៅ ៧០ម៉ឺនដុល្លារ ខណៈក៏ត្រូវបានគេរាយការណ៍ទៀតថា ក្នុងមួយឆ្នាំៗ ព្រះអង្គម្ចាស់ជាម្ចាស់នាវា ត្រូវចាយប្រាក់លើការថែទាំពី ៤០លានទៅ ៥០លានដុល្លារឯណោះ។
នាវា Opera ដែលមានតម្លៃ ៤៥០លានដុល្លារនេះ អាចផ្ទុកអ្នកដំណើរបានចំនួន ៤៨នាក់ល្មមមិនចង្អៀតនៅក្នុងកាប៊ីនដ៏ប្រណីតចំនួន២៤ បូករួមទាំងមាននាវិកធ្វើប្រតិបត្តិការជាប្រចាំចំនួន ៨០នាក់ផងដែរ។ យោងតាម Atlanticohoy បានឲ្យដឹងដូច្នេះថា ក្នុងនាវាបានបង្កប់នូវចំណុចពិសេសមួយ ដោយវាមានបំពាក់គ្រឿងសង្ហារិមធ្វើពីមាសនៅទូទាំងបន្ទប់ ហើយមានដំបូលយ៉ាងធំទូលាយចំនួនប្រាំពីរ និងក៏មានផ្ទុកទូកតូចៗខាងក្នុងនាវាផងដែរ។
គួរឲ្យដឹងបន្ថែមថា ព្រះអង្គម្ចាស់ Sheikh Abdullah bin Zayed Al Nahyan ហៅក្រៅថា abZ បច្ចុប្បន្នមានព្រះជន្ម ៥២ព្រះវស្សា កំពុងកាន់តំណែងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអារ៉ាប់រួម។ បើផ្អែកតាម Superyachtfan បានទំលាយថា ព្រះអង្គម្ចាស់មានទ្រព្យសម្បត្តិប្រហែល ១០ពាន់លានដុល្លារ៕