ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management -cdcIPM) ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលព្រឹកថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីពាក់ព័ន្ធ។
នាឱកាសនោះ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management -cdcIPM) គឺប្រព័ន្ធជាសាធារណៈនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management -cdcIPM) ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញ។
ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា នេះគឺជាប្រព័ន្ធមួយដែលបានផ្តល់ភាពងាយស្រួលដល់វិនិយោគិន ដើម្បីកុំឱ្យមានភាពស្មុគស្មាញ និងជួយសម្របសម្រួលដល់វិនិយោគិន ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា បានកាន់តែងាយស្រួល។ទន្ទឹមគ្នានេះ លោក ក៏សំណូមពរឱ្យវិនិយោគិនប្រើប្រាស់នូវប្រព័ន្ធឱ្យបានគ្រប់ៗគ្នា។
ជុំវិញរឿង អ្នកឧកញ៉ា សៀង ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានបង្ហាញក្តីសាទរ ចំពោះការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគនាពេលនេះ ដែលនេះគឺជាការបោះជំហានថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ក្នុងការជួយគាំទ្រអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ។អ្នកឧកញ៉ា បន្តថា ប្រព័ន្ធនេះ នឹងជួយដល់ដំណើរចុះបញ្ជីគម្រោងវិនិយោគបានរហ័ស កាត់បន្ថយភាពមិនប្រក្រតីនានា ពិសេសអាចឱ្យអ្នកវិនិយោគទទួលបានព័ត៌មានត្រឹមត្រូវ ងាយស្រួយវិនិឆ្ឆ័យ និងសម្រេចចិត្តនៅក្នុងការវិនិយោគ។
សូមបញ្ជាក់ថា រយៈពេល១០ខែឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគសរុប៣៤៦គម្រោង ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមាន១៣២ ក្នុងទុនវិនិយោគសរុបប្រមាណ៥,៥ប៊ីលានដុល្លា, បង្កើតការងារ បាន២៧ម៉ឺនកន្លែង។ ជារួម ទំហំទុនវិនិយោគមានកំណើនប្រមាណ៣៨%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣៕ អត្ថបទ៖ ហ្សាលីន