វៀតណាម ស្នើឲ្យសហរដ្ឋអាមេរិក ដកការរឹតបន្តឹងលើការនាំចេញបច្ចេកវិទ្យាមួយចំនួនរបស់ខ្លួន

អន្តរជាតិ

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកានេះ បានស្នើឲ្យសហរដ្ឋអាមេរិក ដកការរឹតបន្តឹងលើការនាំចេញបច្ចេកវិទ្យាមួយចំនួនរបស់ខ្លួន ចំពេលមានការប្រកាសអំពីផែនការដំឡើងពន្ធថ្មី របស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិក នៅទីក្រុងហាណូយ លោក Chinh បានគូសបញ្ជាក់ថា ប្រទេសទាំងពីរគួរតែរក្សាទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាលើសកលលោក។

ទន្ទឹមនឹងនេះ លោក Chinh បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានថា ៖”យើងសង្ឃឹមថាសហរដ្ឋអាមេរិកនឹងដកការហាមឃាត់របស់ពួកគេ មកលើប្រទេសវៀតណាម សម្រាប់បច្ចេកវិទ្យាមួយចំនួន។ យើង​មិន​ប្រឆាំង​នឹង​អ្នក​ណា​ទេ ហេតុអ្វីបានជាយើងត្រូវទទួលបានការហាមឃាត់នេះ?”។

​ជុំវិញការលើកឡើងរបស់នាយករដ្ឋមន្ត្រីវៀតណាមនេះ បានកើតឡើង ចំពេលមានការប្រកាសរបស់រដ្ឋបាល​លោក ត្រាំ ចំពោះការដាក់ពន្ធ ២០% លើ​ការ​នាំ​ចូល​ទាំង​អស់ ខណ:វៀតណាម ត្រូវបានចាត់ទុកថា​ជា​ប្រទេស​នាំ​ចេញ​ដ៏​សំខាន់បំផុតមួយ ​ទៅកាន់ទឹកដីសហរដ្ឋអាមេរិក។

ជម្រាបជូនផងដែរថា បច្ចុប្បន្ន សហរដ្ឋអាមេរិកដាក់កម្រិតលើការនាំចូលអាវុធគីមី និងជីវសាស្រ្តរបស់វៀតណាម ព្រមទាំងបច្ចេកវិទ្យាមួយចំនួន ដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែជាមួយគ្នានេះ វៀតណាម​ បានអនុញ្ញាតឲ្យមានការនាំចូលសព្វាវុធ​ ក៏ដូចជា​បច្ចេកវិទ្យា​នុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលមួយចំនួន​ ពីសហរដ្ឋអាមេរិក៕