អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន World Bridge Group បានប្រកាសគាំទ្រ «ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)» បង្កើតឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលនឹងផ្តល់ប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ អ្នកវិនិយោគ និងផ្តល់ភាពងាយស្រួលនៅវិនិយោគិនបរទេស ដែលចង់មកវិនិយោគនៅកម្ពុជា។
ការប្រកាសគាំទ្ររបស់ អ្នកឧកញ៉ា សៀ ឬទ្ធី បានធ្វើឡើង ក្នុងឱកាសដែលអ្នកឧកញ៉ា អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)» ដែលពិធីនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រឺជិនស៊ី ភ្នំពេញ។
អ្នកឧកញ៉ា អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានថ្លែងថា៖ “ខ្ញុំសង្កេតឃើញថាថ្ងៃនេះ មានការចូលរួមច្រើនកុះករមែនទែន ទាំងក្រសួងពាក់ព័ន្ធ និងអ្នកប្រកបរបររកស៊ីនៅកម្ពុជា។ ក្រោយពីស្តាប់បទបង្ហាញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាំងនាមឱ្យខ្ញុំជាសមាជិក សមាជិកា នៃសមាគមឧកញ៉ាកម្ពុជា ខ្ញុំយល់ឃើញថានេះជាការបោះជំហានមួយបន្ថែមទៀត ទៅលើអ្វីដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិងកំពុងធ្វើ។ កន្លងមក ខ្ញុំហ៊ាននិយាយថាខ្ញុំជាអ្នកវិនិយោគមួយដែលមានការចូលរួមសហការជាមួយអ្នកវិនិយោគក្រៅប្រទេសច្រើន ហើយខ្ញុំបានធ្វើការជាមួយ CDC ច្រើនជាងគេ។ ខ្ញុំគាំទ្រទៅលើអ្វីដែលថ្នាក់ដឹកនាំ CDC បានធ្វើកន្លងមក។ ថ្ងៃនេះនឹងមានភាពងាយស្រួលបន្ថែមទៀត សម្រាប់អ្នកវិនិយោគ”។
អ្នកឧកញ៉ា បន្តថា ប្រព័ន្ធ cdcIPM នេះ គឺជាការគាំទ្រមួយ ពីព្រោះការវិនិយោគក្នុងតំបន់ ដូចជា ថៃ សិង្ហបុរី និងវៀតណាម គេបានបោះជំហានទៅរួចហើយ។ ដូច្នេះការបង្កើតភាពងាយស្រួល (រហ័ស) ដល់អ្នកវិនិយោគ គឺជារឿងមួយដ៏សំខាន់ ពិសេសគម្លាតរវាងអ្នកប្រកបរបរទទួលទាន និងបុគ្គលិករបស់ស្ថាប័ន ដែលជួយកាត់បន្ថយភាពមិនប្រក្រតីកើតឡើង។ ទី២ រឿងទិន្នន័យ អ្វីដែលអ្នកវិនិយោគចង់បានគឺការប្រមូលព័ត៌មាន សម្រាប់អ្នកវិនិយោគព័ត៌មានពិតជាសំខាន់ ដូច្នេះបើមានប្រព័ន្ធនេះយើងអាចរកព័ត៌មានបាន ដូចជា ចង់វិនិយោគលើអ្វី មាននរណាខ្លះបានធ្វើហើយ។ អ្នករកស៊ី គេមើលលើឱកាស និងភាពងាយស្រួល ហើយមានព័ត៌មានច្បាស់លាស់ ដើម្បីវិនិច្ឆ័យថា គួរវិនិយោគឬមិនគួរ។
លើសពីនេះ អ្វីដែលជាចំណាប់អារម្មណ៍របស់អ្នកឧកញ៉ា គឺរដ្ឋាភិបាលបានបង្កើតប្រព័ន្ធនេះឡើង យើងអាចយល់ថាអ្វីទៅជាតម្លៃ (Fee) នៃអាជ្ញាប័ណ្ណពិតប្រាកដ ងាយស្រួលសម្រាប់អ្នកវិនិយោគក្រៅប្រទេស ដោយមិនបារម្ភរឿងតម្លៃលើតុ ឬតម្លៃក្រោមតុនោះទេ។ ចំណុចមួយទៀត ដែលជារឿងល្អដែរនោះគឺ យើងអាចស្វែងរកព័ត៌មានបានទូលំទូលាយក្នុងប្រព័ន្ធបានតែម្តង។ ប៉ុន្តែធម្មតាអ្វីដែលយើងបង្កើត តែងមានចំណុចល្អ និងចំណុចមិនល្អ ដូច្នេះត្រូវយកចិត្តទុកដាក់លើចំណុចប្រើប្រាស់។
អ្នកឧកញ៉ា សៀ ឬទ្ធី ក៏សូមសំណូមពរដល់ម្ចាស់ក្រុមហ៊ុនតំណាងអ្នកវិនិយោគនៅក្រៅប្រទេស ឱ្យស្វែងយល់បន្ថែមពីបច្ចេកវិទ្យា ព្រោះបើយើងមិនចេះប្រើប្រាស់បច្ចេកវិទ្យាទេ ការបង្កើតប្រព័ន្ធផ្សេងៗក៏មិនមានប្រយោជន៍សម្រាប់យើងដែរ។ ដូច្នេះយើងត្រូវរៀនបន្ថែមឱ្យយល់ ដើម្បីទាញប្រយោជន៍អ្វីដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្កើត ធ្វើជាប្រយោជន៍ក្នុងការទាក់ទាញអ្នកវិនិយោគ ដើម្បីបង្កើននូវសេដ្ឋកិច្ចជាតិ៕