អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) គឺជាប្រព័ន្ធមួយ ដែលបានផ្តល់ភាពងាយស្រួលដល់វិនិយោគិន ដើម្បីកុំឱ្យមានភាពស្មុគស្មាញ និងជួយសម្របសម្រួលដល់វិនិយោគិន ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា។
អ្នកឧកញ៉ា បានគូសបញ្ជាក់បែបនេះក្នុងឱកាសដែល អ្នកឧកញ៉ាអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រឺជិនស៊ី ភ្នំពេញ។
អ្នកឧកញ៉ា លឹម ហេង តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម បានថ្លែងថា ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា ជាតំណាងវិស័យឯកជន សូមគាំទ្រដែលប្រមុខរាជរដ្ឋាភិបាល បានអនុម័តបង្កើតរៀបចំ ប្រព័ន្ធ cdcIPM នេះ ដើម្បីដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ដែលជាថ្នាលបច្ចេកវិទ្យា សម្រាប់អនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំ ចុះបញ្ជីគម្រោងវិនិយោគ។
អ្នកឧកញ៉ាបន្តថា «យើងឃើញហើយថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងប្រតិភូសភាពាណិជ្ជកម្មកម្ពុជា តែងតែដើរទាក់ម៉ូយ ឱ្យមកបណ្តាក់ទុនរកស៉ីនៅកម្ពុជា ដូច្នេះការមកដល់របស់ម៉ូយ គឺស្វាគមន៍ដោយប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdc IPM) នេះ»។
អ្នកឧកញ៉ា លឹម ហេង បានឲ្យដឹងថា ប្រព័ន្ធ cdcIPM នេះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញ ប្រើប្រាស់បានពីគ្រប់ទីកន្លែង ទាំងការដាក់ពាក្យ ការបង់កម្រៃសេវា និងការទទួលបាននូវវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងជាទម្រង់ឌីជីថល និងឈានទៅដល់ការតភ្ជាប់ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានា បានចូលរួមជាច្រើន។
ក្នុងនាមវិស័យឯកជន អ្នកឧកញ៉ា លឹម ហេង សូមស្នើសុំឲ្យថ្នាក់ដឹកនាំ ធ្វើយ៉ាងណារាល់ក្រសួងពាក់ព័ន្ធ ឬក្រសួងស្ថាប័ន រាជរដ្ឋាភិបាល ចូលរួមផ្តល់ភាពងាយស្រួល ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធ្វើការតភ្ជាប់ប្រព័ន្ធគ្រប់គ្រងវិនិយោគកម្ពុជា ទៅកាន់ប្រព័ន្ធនៃក្រសួងទាំងនោះ។
អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ប្រព័ន្ធ cdcIPM នេះ គឺជាប្រព័ន្ធមួយ ដែលបានផ្តល់ភាពងាយស្រួលដល់វិនិយោគិន ដើម្បីកុំឱ្យមានភាពស្មុគស្មាញ និងជួយសម្របសម្រួល ដល់វិនិយោគិន ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា បានកាន់តែងាយស្រួល និងមានទំនុកចិត្តមកវិនិយោគកាន់តែច្រើនបន្ថែមទៀត។
សូមជម្រាបថា ប្រព័ន្ធ cdcIPM នេះ នឹងផ្តល់លទ្ធភាពឱ្យវិនិយោគិន ដាក់ពាក្យដោយផ្ទាល់គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចការវិនិយោគ ឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹត្យភាព និងប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជាផងដែរ៕