ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងចាកចេញពីប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ នៅប្រទេសវៀតណាម។
ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះអង្គ បានធ្វើឡើងនៅថ្ងៃទី២៨ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយធ្វើឡើង តបតាមការយាងរបស់ លោក លឿង គឿង ប្រធានាធិបតីវៀតណាម។
ក្នុងនោះ អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ ព្រមទាំងតំណាងជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភា។
ដោយឡែក ក្នុងឱកាសយាងព្រះរាជទស្សនកិច្ចនេះដែរ ក៏ឃើញវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមន្រ្តីជាន់ខ្ពស់មកពីក្រសួងសា្ថប័នរបស់កម្ពុជាជាច្រើនរូប បានទូលព្រះបង្គំនិងចូលរួមដង្ហែ ព្រះមហាក្សត្រ យាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។
គួរបញ្ជាក់ថា បើយោងតាមសារលិខិតជូនជនរួមជាតិ នៅក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងមានព្រះរាជសវនាការជាមួយថ្នាក់ដឹកនាំវៀតណាម អំពីទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែលស្របទៅនឹងស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ យូរអង្វែង រវាងប្រទេសទាំងពីរ។
ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទៅកាន់ប្រទេសវៀតណាមនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ ព្រមទាំងនឹងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពដ៏ ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍រវាងប្រទេសទាំងពីរ។
ជាងនេះទៀត ក្នុងសារលិខិតដដែល ព្រះមហាក្សត្រ ទ្រង់ក៏បានមានព្រះបន្ទូលថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ ហ្សាលីន