សេដ្ឋីនីវៀតណាម ត្រូវបង់ប្រាក់សំណងជាង ១០ពាន់លានដុល្លារ បើចង់រួចផុតពីទោសប្រហារជីវិតក្នុងសំណុំរឿងឆបោក

អន្តរជាតិ

រដ្ឋអាជ្ញាវៀតណាម កាលពីពេលថ្មីៗនេះ បានប្រាប់មហាសេដ្ឋីអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេស គឺលោកស្រី Truong My Lan ថាលោកស្រីចាំបាច់ត្រូវតែផ្តល់សំណងជាទឹកប្រាក់ប្រមាណ ១១ពាន់លានដុល្លារ ប្រសិនបើលោកស្រីចង់រួចផុតពីទោសប្រហារជីវិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Standard។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា បច្ចុប្បន្នប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat រូបនេះ កំពុងប្តឹងឧទ្ធរណ៍ចំពោះទោសប្រហារជីវិតរបស់លោកស្រី បន្ទាប់ពីត្រូវបានតុលាការសម្រេចកាត់ទោសកាលពីខែមេសា នៅក្នុងសំណុំរឿងឆបោកទឹកប្រាក់ប្រហែល ១២,៥ពាន់លានដុល្លារ ពីធនាគារ Saigon Commercial Bank ។ ទន្ទឹមនឹងនោះ លោកស្រី My Lan ក៏ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់មន្ត្រីរដ្ឋាភិបាល និងបំពានច្បាប់ផ្តល់ប្រាក់កម្ចីរបស់ធនាគារ ផងដែរ។

រហូតមកដល់ពេលនេះ រដ្ឋអាជ្ញាវៀតណាម បានជំទាស់នឹងការបន្ធូរបន្ថយទោសនេះ នៅក្នុងសវនាការរបស់លោកស្រី ដែលបានបន្តធ្វើឡើង នៅក្នុងទីក្រុងហូជីមិញ លុះត្រាតែលោកស្រីអាចផ្តល់មកវិញនូវសំណងជាទឹកប្រាក់មួយផ្នែកណាមួយ នៃទំហំទឹកប្រាក់ដែលត្រូវបានរកឃើញថាមានជាប់នៅក្នុងបទឆបោក តាមរយ:ការកាត់ក្តីពីរដាច់ដោយឡែកពីគ្នា។ នេះបើតាមការបញ្ជាក់របស់លោក Giang Hong Thanh ដែលជាមេធាវីតំណាងលោកស្រី My Lan។

មិនតែប៉ុណ្ណោះ លោក Thanh បាន​និយាយទៀតថា​៖ “ឥឡូវ​នេះ យើង​កំពុង​ព្យាយាម​ជួយលោកស្រី My Lan ​ឲ្យ​រួច​ផុត​ពី​ទោស​ប្រហារ​ជីវិត។ ស្របពេលក្រុមមេធាវីរបស់លោកស្រី កំពុងដំណើរការស្វែងរកជំនួយពីវិនិយោគិនបរទេស ដើម្បីជួយជម្រះបំណុលមួយចំនួនរបស់លោកស្រី”។

ជម្រាបជូនផងដែរថា នៅក្រោមច្បាប់របស់តុលាការវៀតណាម ប្រសិនបើលោកស្រី My Lan អាចប្រគល់នូវទ្រព្យសម្បត្តិបីភាគបួននៃទ្រព្យសម្បត្តិដែលត្រូវបានឃើញនៅក្នុងបទឆបោកនោះ គណៈវិនិច្ឆ័យអាចពិចារណាកាត់បន្ថយការកាត់ទោសរបស់លោកស្រីបាន៕