លោកអ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង ចូលជួបរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិភាក្សារកយុទ្ធសាស្ត្របំផុសចលនាផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា​ ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន​​ ខ្មែរ ប៊ែវើរីជីស បានដឹកនាំសហការីចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅទីស្តីការក្រសួង ដើម្បីផ្តល់កិច្ចសហការគាំទ្ររដ្ឋាភិបាល និងស្វែងរកយុទ្ធសាស្ត្របំផុសបំផុលចលនាផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឲ្យកាន់តែទូលំទូលាយឆ្ពោះទៅរកភាពរីកចម្រើនជាសកល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការគាំទ្ររដ្ឋាភិបាលលើវិស័យទេសចរណ៍ តាមរយៈប្រតិបត្តិពាណិជ្ជកម្មទាំង ១៣ របស់ខ្លួន ដែលគ្របដណ្តប់លើឧស្សាហកម្មធំៗដូចជា បដិសណ្ឋារកិច្ច សណ្ឋាគារស្តង់ដារអន្តរជាតិ ធនាគារ ភេសជ្ជៈ អចលនទ្រព្យ ជាដើម។ ជាពិសេសក្នុងគោលបំណងប្រើប្រាស់ជំនាញ និងធនធានរបស់ ក្រុមហ៊ុនដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជាគឺ ជីប ម៉ុង ដើម្បីជំរុញទេសចរណ៍របស់កម្ពុជាឱ្យកាន់តែល្អប្រសើរ តាមរយៈការលើកកម្ពស់សេវាកម្មស្តង់ដារអន្តរជាតិ និងរៀបចំបទពិសោធន៍ទេសចរណ៍ដ៏សម្បូរបែបដែលបង្ហាញពីវប្បធម៌រស់រវើករបស់កម្ពុជា។

កិច្ចប្រជុំនេះបានសម្របសម្រួលការផ្លាស់ប្តូរយោបល់គ្នារវាងវិស័យរដ្ឋ និងឯកជន ដែលបង្ហាញពីទស្សនៈវិស័យរួមគ្នា ដើម្បីអភិវឌ្ឍន៍ជាតិ ជម្រុញវិស័យទេសចរនៅកម្ពុជា ពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេស តាមរយៈការគាំទ្រពីវិស័យឯកជន។

សូមបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនពហុពាណិជ្ជកម្មដ៏ធំបំផុតមួយនៅកម្ពុជា ដែលបានចាក់គ្រឹះរឹងមាំ និងឈរជើងលើទីផ្សារជាង ៤ទសវត្ស មកហើយ។ ជីប ម៉ុង បានវិនិយោគគ្របដណ្តប់លើវិស័យធំៗជាច្រើននៅក្នុងស្រុករួមមាន៖ វិស័យអចលនទ្រព្យ, ធនាគារ, បដិសណ្ឋារកិច្ច, ផ្សារទំនើប, ឧស្សាហកម្មស្រាបៀរនិងភេសជ្ជៈ ព្រមទាំងវិស័យផ្សេងៗទៀត ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មល្អបំផុត ដល់អតិថិជននិងដៃគូពាណិជ្ជកម្មទូទាំងប្រទេសកម្ពុជាទទួលស្គាល់ និងជឿជាក់ទៅលើគុណភាព។

នាកន្លងមក ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមជាសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល និងក្នុងការផ្តល់ត្រលប់ទៅសង្គមវិញលើវិស័យជាច្រើនរួមមានវិស័យសុខាភិបាល អប់រំ បរិស្ថាន ទេសចរណ៍ ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកិច្ចការសង្គម៕