នាយករដ្ឋមន្រ្តីកម្ពុជា លើកទឹកចិត្តក្រុមហ៊ុន Hong Leong Manufacturing Group វិនិយោគលើការផលិតគ្រឿងបន្លាស់យានយន្ត ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទឹកចិត្តឱ្យក្រុមហ៊ុន Hong Leong Manufacturing Group ពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបន្លាស់យានយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយលោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន Hong Leong Manufacturing Group កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនោះ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញខាងវិស័យហិរញ្ញវត្ថុ,  អចលនទ្រព្យ​, កម្មន្តសាល និងបច្ចេកវិទ្យា។ក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីកម្មនៅតាមបណ្ដាប្រទេសមួយចំនួនផងដែរ​ រួមមាន៖​ ប្រទេសចិន, ទីក្រុងហុងកុង, ចក្រភពអង់គ្លេស​, ប្រទេសក្នុងតំបន់អាស៊ាន និង​​អ៉ឺរ៉ុប។

ចំណែកនៅកម្ពុជា​ ក្រុមហ៊ុនមានដំណើរការអាជីវកម្មខាងវិស័យធនាគារ។​ តាមរយៈបទពិសោធន៍របស់ក្រុមហ៊ុននៅកម្ពុជាក្នុងរយៈពេលប្រមាណជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលនៃវិនិយោគថ្មីៗជាច្រើនរបស់កម្ពុជា និងមានបំណងចង់ពង្រីកការវិនិយោគបន្ថែមទៀត។ 

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃអាជីវកម្មរបស់ក្រុមហ៊ុន និងស្វាគមន៍ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។

សម្ដេចធិបតីបានបញ្ជាក់ពីគោលនយោបាយវិនិយោគរបស់កម្ពុជា ដោយបានសង្កត់ធ្ងន់ថា កម្ពុជាធានាបាននូវបរិយាសវិនិយោគមួយដែលមានស្ថិរភាព, មានភាពប្រកួតប្រជែង និងមានក្របខ័ណ្ឌច្បាប់វិនិយោគមួយប្រកបដោយភាពទាក់ទាញ និងបើកទូលាយសម្រាប់វិនិយោគិន ជាមួយនឹងការផ្ដល់ការលើកទឹកចិត្តជាច្រើនថែមទៀត​ ដល់វិស័យឯកជន។

ឆ្លៀតឱកាសនោះ សម្តេចធិបតី ក៏បានទឹកចិត្តឱ្យក្រុមហ៊ុន Hong Leong Manufacturing Group ពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបន្លាស់យានយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក ខណៈរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមជាស្រេចដើម្បីជួយគាំទ្រ​ និង​បង្កភាពងាយស្រួលដល់​ភាព​ជោគជ័យ​របស់​បណ្តា​ក្រុម​ហ៊ុន​នានា​ ដែល​បាន​និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​។

សម្ដេចធិបតី បានគូសបញ្ជាក់ថា ការវិនិយោគនៅកម្ពុជាមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ទីផ្សាតំបន់ និងសកលលោកតាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕