ក្រុម Hong Leong Manufacturing Group ដែលជាក្រុមហ៊ុនមួយមានជំនាញខាងវិស័យហិរញ្ញវត្ថុដ៏ធំមួយ បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលរបស់កម្ពុជានាពេលខាងមុខ។ ការលើកឡើងរបស់ក្រុមហ៊ុនដូច្នេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនោះ លោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុន Hong Leong Manufacturing Group គឺមានប្រតិបត្តិការលើអាជីវកម្មលើជំនាញខាងវិស័យហិរញ្ញវត្ថុ, អចលនទ្រព្យ, កម្មន្តសាល និងបច្ចេកវិទ្យា។ លោកថា ក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីកម្មនៅតាមបណ្ដាប្រទេសមួយចំនួន រួមមាន៖ ប្រទេសចិន ទីក្រុងហុងកុង ចក្រភពអង់គ្លេស ប្រទេសក្នុងតំបន់អាស៊ាន និងអ៉ឺរ៉ុប។
ប្រធានក្រុមហ៊ុនខាងលើ បានបន្តថា នៅកម្ពុជា ក្រុមហ៊ុនមានដំណើរការអាជីវកម្មខាងវិស័យធនាគារ ហើយតាមរយៈបទពិសោធន៍របស់ក្រុមហ៊ុននៅកម្ពុជាក្នុងរយៈពេលប្រមាណជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលនៃវិនិយោគថ្មីៗជាច្រើនរបស់កម្ពុជា និងមានបំណងចង់ពង្រីកការវិនិយោគបន្ថែមទៀតផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី បង្ហាញក្តីរីករាយចំពោះវឌ្ឍនភាពនៃអាជីវកម្មរបស់ក្រុមហ៊ុន និងស្វាគមន៍ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ ដោយឡែក ពាក់ព័ន្ធគោលនយោបាយវិនិយោគរបស់កម្ពុជា សម្តេចធិបតីថា កម្ពុជាធានាបាននូវបរិយាសវិនិយោគមួយដែលមានស្ថិរភាព មានភាពប្រកួតប្រជែង មានក្របខ័ណ្ឌច្បាប់វិនិយោគទាក់ទាញ បើកទូលាយសម្រាប់វិនិយោគិន និងផ្ដល់ការលើកទឹកចិត្តជាច្រើនថែមទៀត ដល់វិស័យឯកជន។
សម្ដេចធិបតី បន្តថា៖«ការវិនិយោគនៅកម្ពុជាមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ទីផ្សាតំបន់ និងសកលលោកតាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី»។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបនោះ ប្រមុខរាជរដ្ឋាភិបាល ក៏ជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបន្លាស់យានយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក ខណៈរដ្ឋាភិបាលបានត្រៀមជាស្រេចដើម្បីជួយគាំទ្រ និងបង្កភាពងាយស្រួលដល់ភាពជោគជ័យរបស់បណ្តាក្រុមហ៊ុននានា ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ ហ្សាលីន