ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជាសហការជាមួយក្រុមហ៊ុនឯកជនមួយ បានរៀបចំវគ្គបណ្តុះបណ្តាល ជំនាញក្នុងការប្រើប្រាស់ AI និងរៀបចំហាងលក់ទំនិញអនឡាញ (E-commerce)”ជូនដល់ពាណិជ្ជករ អាជីវករនិងសមាជិកទាំងអស់ ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យមសរុបប្រមាណ ៧០នាក់។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ពីរថ្ងៃផ្តើមពីថ្ងៃទី២៦ដល់២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅក្នុងពិធីបើកវគ្គថា៖សភាពាណិជ្ជកម្មកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាល នេះក្នុងគោលបំណងសំខាន់ផ្តល់នូវចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល ដល់ម្ចាស់អាជីវកម្មទាំងអស់ ដែលជាសមាជិក ក៏ដូចជាសភាពាណិជ្ជកម្មតាមបណ្ដាខេត្តនានា ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារអាជីវកម្មអេឡិចត្រូនិក (E-Commerce) តាមរយៈការបណ្តុះបណ្តាលពីអ្នកជំនាញ ក្នុងការធ្វើបទបង្ហាញជាមួយមេរៀនសំខាន់ៗ ដែលផ្តោតលើការប្រើប្រាស់ប្រព័ន្ធជំនួយ AI ក្នុងការការបង្កើតហាងទំនិញលើប្រព័ន្ធអនឡាញ (E-Commerce Shop) យុទ្ធសាស្ត្រធ្វើទីផ្សារបែបឌីជីថល, ការកំណត់អតិថិជនគោលដៅ និងការប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិផ្សេងៗ សម្រាប់ការបង្កើនប្រសិទ្ធភាពអាជីវកម្មស្របតាមយុគសម័យកាលឌីជីថលដែលមានការវិវត្តន៍យ៉ាងឆាប់រហ័ស។
លោក សុខ សុភមង្គល ប្រធានក្រុមហ៊ុន Codingate Technology និងជាគ្រូបង្គោលដោយផ្ទាល់ បានលើកឡើងថា ម្ចាស់អាជីវកម្មទាំងអស់ បន្ទាប់ពីបានបញ្ចប់ការបណ្ដុះបណ្ដាលខាងលើ នឹងទទួលបានចំណេះដឹងជាក់ស្តែងក្នុងការបង្កើត និងគ្រប់គ្រងហាងដោយប្រព័ន្ធអេឡិចត្រូនិច ការប្រើប្រាស់ប្រព័ន្ធ AI ក្នុងការជួយសម្រួលការងារ ចំណេះដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវតិ្តកម្មសម្រាប់ប្រសិទ្ធភាពអាជីវកម្ម ព្រមទាំងស្វែងយល់ពីយុទ្ធសាស្ត្រទីផ្សារឌីជីថលដ៏មានប្រសិទ្ធភាព ដើម្បីទាក់ទាញ និងរក្សាអតិថិជនផងដែរ៕