ម្ចាស់បទ “Gangnam Style” លោក PSY ត្រូវបានអាជ្ញាធរកូរ៉េខាងត្បូងរឹបអូសវីឡាតម្លៃជាង ១លានដុល្លារ

អន្តរជាតិ

តារា K-pop ដ៏ល្បីឈ្មោះលោក PSY និងត្រូវបានគេស្គាល់ថាជាម្ចាស់បទ “Gangnam Style” ថ្មីៗនេះ ត្រូវបានអាជ្ញាធរកូរ៉េខាងត្បូង ប្រកាសរឹបអូសបណ្តោះអាសន្ននូវផ្ទះវីឡាមួយដែលមានតម្លៃរហូតដល់ទៅ ២,២ពាន់លានវ៉ុន (១,៥៧លានដុល្លារ) ក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីខកខានក្នុងការបង់ប្រាក់ពិន័យសម្រាប់ការសាងសង់ដោយគ្មានការអនុញ្ញាត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្ទះវីឡានេះ ត្រូវបានរឹបអូសដោយអាជ្ញាធរតំបន់ Hannam-dong ក្នុងខែឧសភា បន្ទាប់ពីលោក PSY ខកខានក្នុងការបង់ប្រាក់ពិន័យសម្រាប់ការកែប្រែរចនាសម្ព័ន្ធ និងការផ្លាស់ប្តូរអ្នកប្រើប្រាស់អគារ។ ទោះបីជាយ៉ាងណាក៏ដោយ ការរឹបអូសនេះត្រូវបានដកចេញវិញ កាលពីខែមុន បន្ទាប់ពី PSY បានយល់ព្រមបង់ប្រាក់ពិន័យទាំងស្រុង។

ជុំវិញការរឹបអូសនេះ លោក PSY បាននិយាយថា ខ្លួនមិនបានដឹងពីការសាងសង់ដោយគ្មានការអនុញ្ញាតណាមួយនោះទេ នៅពេលដែលលោកបានទិញវីឡានោះ។



គួរឲ្យដឹងថា PSY និង​ភរិយា​បាន​ទិញ​វីឡា​នេះ ​ក្នុង​ឆ្នាំ២០០៨ រួម​នឹង​ការិយាល័យ​តម្លៃ ៣៧២លាន​វ៉ុន​នៅ​តំបន់ UN Village ។ គូស្នេហ៍​ទាំង​ពីរ​រស់​នៅ​ទី​នោះ​ មុន​ផ្លាស់​ប្តូរ​ទីលំនៅ ​និង​ជួលវាទៅឲ្យអ្នកផ្សេង នៅ​ក្នុងឆ្នាំ​២០២០។

ជម្រាបជូនថា កេរ្តិ៍ឈ្មោះ​របស់ លោក PSY ​ត្រូវបានសាយភាយជា​សាកល ​ក្នុង​ឆ្នាំ២០១២ ជាមួយ​នឹង​ការបញ្ចេញបទ​ចម្រៀង Gangnam Style។ ហើយនៅឆ្នាំ ២០១៧ អាល់ប៊ុមចម្រៀង “4×2=8” របស់លោក បានឡើងតំណែងលេខ២ នៅលើតារាង Billboard ជាមួយនឹងការបង្កើតប្រវត្តិសាស្ត្រជាអាល់ប៊ុម K-pop ដំបូង ដែលសម្រេចបាននូវស្នាដៃបែបនេះ៕