អូស្ត្រាលី ឈានដល់ការដាក់ចេញច្បាប់ហាមឃាត់ក្មេងអាយុក្រោម ១៦ឆ្នាំ ពីការប្រើប្រាស់បណ្តាញសង្គម

អន្តរជាតិ

សមាជិកសភាអូស្ត្រាលី កាលពីពេលថ្មីៗនេះ បានឈានដល់ការដាក់ចេញច្បាប់ហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំ ពីប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងបានស្នើសុំឲ្យមានការផាកពិន័យរាប់លានដុល្លារ ទៅលើក្រុមហ៊ុនបណ្តាញសង្គមណាដែលបំពានច្បាប់នេះ។ នេះតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ច្បាប់ដ៏សំខាន់មួយនេះ ​បាន​ឆ្លង​ផុត​សភា​ជាន់​ទាប​របស់អូស្រ្តាលីហើយកាលពី​ថ្ងៃ​ពុធ ហើយ​ឥឡូវ​ត្រូវ​បាន​បន្តដាក់ជូនទៅកាន់​ព្រឹទ្ធសភា ដើម្បីរង់ចាំការអនុម័តបន្ត ហើយនឹងផ្តល់ពេល ១២ខែ ដើម្បីឲ្យក្រុមហ៊ុនបណ្តាញសង្គមដោះស្រាយ មុនពេលត្រូវចូល​ធរមាន​។

ច្បាប់ថ្មីនេះមានន័យថា បណ្តាញសង្គមធំៗរបស់ពិភពលោក ដូចជា Facebook, Instagram, TikTok និង Snapchat ត្រូវតែចាត់វិធានការជាចាំបាច់ ដើម្បីការពារកុមារពីការបង្កើតគណនី។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ ដែលអាចប្រឈមនឹងការផាកពិន័យរហូតដល់ជាង ៣០លានដុល្លារ ចំពោះការមិនគោរពតាម បាននិយាយថាច្បាប់ថ្មីនេះ ហាក់មិនទាន់មានភាពច្បាស់លាស់ មានបញ្ហាច្រើន និងដាក់ចេញដោយប្រញាប់ប្រញាល់ពេក។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងបង្កគ្រោះថ្នាក់ដល់ក្មេងៗ ហើយលោកកំពុងជំរុញឲ្យទប់ស្កាត់យ៉ាងច្បាប់រហ័សលើបញ្ហានេះ។

ជាមួយគ្នានេះ លោក Albanese បានលើកឡើងពីហានិភ័យចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ក្មេងពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនពេក ជាពិសេសហានិភ័យចំពោះក្មេងស្រីៗពីការបង្ហាញរូបភាពរាងកាយដែលអាចបង្កគ្រោះថ្នាក់។

ជម្រាបជូនផងដែរថា បណ្តាញសង្គមមួយចំនួនផ្សេងទៀតដូចជាដូចជា WhatsApp និង YouTube អាចនឹងត្រូវបានលើកលែងជុំវិញដាក់ចេញច្បាប់ថ្មីនេះ ដោយសារតែត្រូវបានចាត់ទុកថាជាកម្មវិធីដែលកុមារអាចប្រើប្រាស់សម្រាប់ការកំសាន្ត ការងារសាលា ឬហេតុផលផ្សេងទៀត៕