ក្រុមហ៊ុន Starlink របស់មហាសេដ្ឋី Elon Musk ត្រូវបញ្ជាឲ្យបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសណាមីប៊ី

អន្តរជាតិ

អាជ្ញាធរនិយតកម្មទំនាក់ទំនង (CRAN) នៃប្រទេសណាមីប៊ី បាននិយាយកាលពីថ្ងៃទី២៨ ខែវិច្ឆិកាថា ខ្លួនបានចេញបញ្ជាឲ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតផ្កាយរណប Starlink របស់មហាសដ្ឋី Elon Musk បញ្ឈប់ប្រតិបត្តិការទាំងអស់នៅក្នុងប្រទេសខ្លួន ដោយសារគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reusters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



Starlink ដែលជាអង្គភាពផ្កាយរណបរបស់ក្រុមហ៊ុន​អវកាស​ SpaceX បានដាក់សំណើសុំអាជ្ញាប័ណ្ណដើម្បីផ្តល់សេវាកម្មទូរគមនាគមន៍ នៅក្នុងប្រទេសណាមីប៊ី ប៉ុន្តែនិយតកររបស់ប្រទេសក្នុងទ្វីបអាហ្រ្វិកមួយនេះ មិនបានចេញអាជ្ញាប័ណ្ណឲ្យនោះទេ ដោយសារពាក្យស្នើសុំកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។

ទន្ទឹមនឹងនេះ CRAN បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”បន្ទាប់ពីការស៊ើបអង្កេតដោយ CRAN បានរកឃើញថា Starlink កំពុងដំណើរការបណ្តាញអ៊ីនធឺណិតមួយក្នុងប្រទេសណាមីប៊ី ដោយគ្មានអាជ្ញាប័ណ្ណទូរគមនាគមន៍ដែលត្រូវការ”។

គួរឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរបានចេញដីកាបញ្ឈប់ទាំងស្រុងចំពោះ Starlink ដោយណែនាំក្រុមហ៊ុនអាមេរិកនេះ បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការទាំងអស់នៅណាមីប៊ី ស្របពេលនិយតករ ក៏បានណែនាំសាធារណៈជនកុំឲ្យទិញឧបករណ៍ ឬជាវសេវាកម្មរបស់ Starlink បន្តទៀត ព្រោះសកម្មភាពបែបនេះគឺជារឿងខុសច្បាប់នៅក្នុងប្រទេស។

មិនតែប៉ុណ្ណោះ CRAN បានបន្ថែមទៀតថា ក្រុមអ្នកស៊ើបអង្កេតរបស់ខ្លួនបានរឹបអូសឧបករណ៍ Starlink ខុសច្បាប់ពីអ្នកប្រើប្រាស់រួចហើយ និងបានបើកសំណុំរឿងព្រហ្មទណ្ឌជាមួយប៉ូលីសណាមីប៊ី ដើម្បីចាត់វិធានការបន្តលើរឿងនេះ៕