តើមូលហេតុអ្វី គួរតែដាក់ទុនវិនិយោគនៅកម្ពុជា?

សង្គម​ និង​សេដ្ឋកិច្ច

តើហេតុដូចម្តេច អ្នកវិនិយោគគួរតែពិចារណាដាក់ទុនមកវិនិយោគនៅប្រទេសកម្ពុជា?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM)កាលថ្ងៃទី២៧ វិច្ឆិកា លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ហេតុផលមួយចំនួនដែលអ្នកវិនិយោគគួរវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាគឺជាច្រកទ្វារឆ្ពោះទៅរកកំណើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកបន្តថា កម្ពុជាមានទីតាំងជាយុទ្ធសាស្ត្រ ងាយស្រួលក្នុងការចូលទៅកាន់ទីផ្សារនៃអ្នកប្រើប្រាស់ចំនួន៦០០ លាននាក់ នៅក្នុងតំបន់អាស៊ាន ដែលផ្តល់នូវភាពធន់ និងមិនមានគ្រោះធម្មជាតិច្រើនក្នុងរយៈពេលជិតមួយពាន់ឆ្នាំ ដែលស័ក្តិសមសម្រាប់ការវិនិយោគរយៈពេលវែង និងការបន្តអាជីវកម្ម។

បន្ថែមពីនេះ កម្ពុជាក៏មានរដ្ឋាភិបាលគាំទ្រអាជីវកម្ម និងគោលនយោបាយអាជីវកម្ម និងដាក់ចេញវិធីសាស្រ្តជាបន្តបន្ទាប់សម្រាប់វិស័យឯកជន ដើម្បីលើកកម្ពស់ និងសម្រួលដល់ការសម្រេចបាននូវគម្រោងវិនិយោគផងដែរ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានលើកឡើងផងដែរថា អ្នកវិនិយោគគួរតែពិចារណាដាក់ទុនមកវិនិយោគនៅប្រទេសកម្ពុជា ព្រោះកម្ពុជាមានស្ថេរភាព ទាំងសេដ្ឋកិច្ច ម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពនយោបាយ។ ក្រៅពីសុខសន្តិភាព ស្ថេរភាពនិយោបាយ កម្ពុជាមានពលករ កម្មការី មានភាពវ័យក្មេង៦០% ដែលមានអាយុក្រោម៣៥ឆ្នាំ បើធ្រៀបធៀបប្រទេសទាំងអស់នៅតំបន់អាស៊ាន គឺកម្ពុជាក្មេងជាងគេ។

លោកបន្តថា ការដាក់ទុននៅកម្ពុជាមិនមែនបម្រើតែ១៧លាននាក់ទេ តែគួរសម្លឹងមើលថាទីផ្សារកម្ពុជាគឺនៅចំកណ្តាលមហាអនុតំបន់មេគង្គ ដែលរួមមាន កម្ពុជា វៀតណាម ថៃ ឡាវ ភូមា និងផ្នែកខាងត្បូងរបស់ចិន។ បើគិតក្នុងតំបន់អាស៊ានទាំងមូល មានប្រមាណ៦៧០លាននាក់ ឬអាស៊ានបូក៥ ជាផ្នែកមួយរបស់ RCEP ដែលមានអាស៊ាន១០ប្រទេស បូកចិន កូរ៉េ ជប៉ុន អូស្រ្តាលី ញូស្សេឡែន ២៣០០លាននាក់ ។

លោកបន្តទៀតថា ក្រៅពីនោះ កម្ពុជាទទួលបាន EBA អាចផលិតបាននាំទៅលក់អឺរ៉ុបដោយមិនបង់ពន្ធ។ ដូចនេះ កម្ពុជាជាប្រទេសតូច ប៉ុន្តែសេដ្ឋកិច្ចបើកចំហរជាមួយរដ្ឋាភិបាលអាជីវកម្ម។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មូលហេតុដែលអ្នកវិនិយោគ គួរតែជ្រើសរើសការវិនិយោគនៅកម្ពុជា គឺរួមមាន៖
១. បរិយាកាសវិនិយោគមានអំណោយផល ដែលរួមមាន សេដ្ឋកិច្ចបើកចំហរ ការលើកទឹកចិត្តវិនិយោគមានភាពទាក់ទាញ និងដំណើរការអនុម័តមានភាពងាយស្រួល។
២. កម្លាំងពលកម្មមានភាពប្រកួតប្រជែង ដែលរួមមាន កម្លាំងពលកម្មវ័យក្មេង និងសកម្ម កម្លាំងពលកម្មជំនាញ និងទេពកោសល្យខ្ពស់ និងប្រាក់ឈ្នួលមានភាពប្រកួតប្រជែង។
៣. បណ្តាញហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ដែលរួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មមានសក្តានុពល ការរីកលូតលាស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទីតាំងស្ថិតនៅជិតទីផ្សារសំខាន់ៗ
៤. កំណើនសេដ្ឋកិច្ចថេរ ប្រកបដោយចីរភាព ដែលរួមមាន កំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ បរិយាកាសជំនួញមានស្ថេរភាព និងការយកចិត្តទុកដាក់ទៅលើចីរភាព។

សូមជម្រាបជូនផងដែរថា រយៈពេល ១០ខែ ឆ្នាំ២០២៤ កំណើនគម្រោងវិនិយោគមានសន្ទុះរហូតដល់ ៣៤៦គម្រោង និងមានទុនវិនិយោគប្រមាណជាង៥ពាន់លានដុល្លារអាម៉េរិក ដែលបង្កើតបានឱកាសការងារចំនួន ២៦០,៤៧០កន្លែង៕