ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានបង្ហាញក្តីសង្ឃឹមថា ប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មី លោក ដូណាល់ ត្រាំ នឹងគិតឡើងវិញនូវផែនការរបស់លោក ក្នុងការដាក់ពន្ធលើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា ដោយនិយាយថាវានឹងជួយបង្កើន ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Nantucket រដ្ឋ Massachusetts ថា ៖”ខ្ញុំសង្ឃឹមថាលោក ត្រាំ នឹងគិតឡើងវិញ។ ខ្ញុំគិតថាវាជារឿងមិនសមហេតុផលដែលត្រូវធ្វើបែបនេះ។ យើងមានស្ថានភាពច្របូកច្របល់មួយនៅអាមេរិករួចទៅហើយ ខណ:ប្រទេសយើងត្រូវបានហ៊ុំព័ទ្ធដោយមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិក ហើយប្រទេសជិតខាងដែលជាសម្ព័ន្ធមិត្តមានតែពីរប៉ុណ្ណោះ គឺម៉ិកស៊ិក និងកាណាដា។ ដូច្នេះរឿងចុងក្រោយដែលយើងត្រូវធ្វើ គឺចាប់ផ្តើមពង្រឹងទំនាក់ទំនងទាំងនោះ”។
រំលឹកផងដែរថា លោក ត្រាំ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បាននិយាយថា លោកនឹងដាក់ពន្ធលើទំនិញនាំចូល ២៥% ពីប្រទេសកាណាដា និងម៉ិកស៊ិក រហូតដល់ពួកគេអាចទប់ស្កាត់បញ្ហាគ្រឿងញៀន និងជនចំណាកស្រុកដែលឆ្លងកាត់តាមព្រំដែន មកកាន់ទឹកដីសហរដ្ឋអាមេរិកបាន។
ជម្រាបជូនថា លោក បៃដិន ដែលបានជួបជាមួយលោក ត្រាំ នៅសេតវិមានកាលពីដើមខែនេះ បានរំលឹកឡើងវិញថា លោកចង់ឲ្យមានការផ្លាស់ប្តូររវាងរដ្ឋបាលដែលកំពុងបន្តរបស់លោក និងរដ្ឋាភាលរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី ប្រព្រឹត្តទៅដោយភាពរលូនបំផុត៕