ក្រុមហ៊ុនមួយរបស់ម៉ាឡេស៊ី  ចាប់អារម្មណ៍វិនិយោគលើវិស័យចំនួន ៤ នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ជា វុទ្ធី អគ្គលេខធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកឧកញ៉ា  Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងជាតំណាងក្រុមហ៊ុន Hong Leong Manufacturing Group របស់ម៉ាឡេស៊ី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ ឧកញ៉ា Tan Khee Meng បានជម្រាបជូនថា ក្រុមហ៊ុនបានគិតគូរវិនិយោគក្នុងវិស័យចំនួន ៤ រួមមាន៖ ការបង្កើតរោងចក្រផលិតម៉ូតូ, ផលិតកម្ម Ceramic, ផលិត Semi-conductor, និងការអភិវឌ្ឍអចលនទ្រព្យ។

ជាការឆ្លើយតប ចំពោះគម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូតូ លោក ជា វុទ្ធី បានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាបន្ថែមពីទំហំទីផ្សារ ក៏ដូចជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា និងបានស្វាគមន៍គម្រោងផលិតកម្ម Ceramic និងផលិត Semi-conductor ដែលក្រុមហ៊ុនអាចរកទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសណាមួយ ឬ វិនិយោគបង្កើតំបន់សេដ្ឋកិច្ចពិសេសដោយខ្លួនឯង។

ឆ្លៀតក្នុង​ឱកាសនោះ លោកក៏បានលើកឡើងពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាដោយទទួលបានគម្រោងវិនិយោគដែលប្រើបច្ចេកវិទ្យាទំនើបនិងមានតម្លៃបន្ថែមខ្ពស់ជាច្រើន ដូចជាគម្រោងវិនិយោគផលិតសំបកកង់រថយន្ត, សម្ភារៈបរិក្ខារអេឡិចត្រូនិក, គ្រឿងបន្លាស់រថយន្ត, គ្រឿងសង្ហារឹម និងការផ្គុំដំឡើងទោចក្រយាន ។ល។

បន្ថែមលើនេះ កន្សោមឧស្សាហកម្ម (industrial cluster) ត្រូវបានលេចជារូបរាងក្នុងតំបន់សេដ្ឋកិច្ចពិសេស លើមុខសញ្ញាវិនិយោគមួយចំនួន រួមមាន៖ ការផលិតអំពូលលម្អអគ្គិសនី ខ្សែភ្លើង សម្ភារៈតុបតែងលម្អដើមគ្រីស្មាស់ គ្រឿងសង្ហារឹម ក្តារប្លាកេ ក្តារបន្ទះ និងការផ្គុំដំឡើងទោចក្រយាន។ល។

ទន្ទឹមនឹងនោះ លោកអគ្គលេខាធិការ ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ, ការកែច្នៃជ័រកៅស៊ូ, និងការកែច្នៃកសិផលផ្សេងៗជាច្រើនទៀតដែលនាពេលបច្ចុប្បន្នទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម៕