នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេង ណាវ៉ាត្រា គ្រុប បាននាំទឹកប្រាក់ចំនួន ១លានដុល្លារ យកទៅប្រគល់ជូនឯកឧត្ដម សេង ទៀង ដើម្បីចូលរួមទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារួចរាល់ហើយ។
ទឹកប្រាក់ចំនួន ១លានដុល្លារនេះ លោកឧកញ៉ា បានយកទៅប្រគល់ជូនឯកឧត្ដម សេង ទៀង ដោយផ្ទាល់តែម្ដង។ នេះជាការវិការសប្បុរសដ៏ធំធេង ដែលមិនអាចបំភ្លេចបាន ក្នុងការចូលរួមជួយដល់សង្គមរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ជានិច្ចកាលលោកឧកញ៉ាវ័យក្មេង ដែលធ្លាប់មានប្រវត្តិជាពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ តែងតែជួយដល់សង្គមជានិច្ច។
សូមរំលឹកផងដែរថា កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ទើបតែបានបរិច្ចាគចំនួន ៦០ម៉ឺនដុល្លារ ព្រមទាំងអង្ករ ៥០តោន ចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ផងដែរ។
ការចូលរួមបរិច្ចាគរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានគេមើលឃើញថា បានធ្វើឡើងមុនគេភ្លាមៗតែម្ដង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាស ពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ បន្ទាប់មកឃើញមានលោកឧកញ៉ា អ្នកឧកញ៉ា ព្រមទាំងសប្បុរសជនជាច្រើនទៀតបានចូលរួមបរិច្ចាគជាបន្តបន្ទាប់។
ស្មារតីសាមគ្គីភាព វប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើង ត្រូវបានគេមើលឃើញថា មានធំធេងមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។
ផ្អែកតាមផេក សម្ដេចតេជោ គិតមកដល់ល្ងាចថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ ២០២០ ថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣៦លានដុល្លារ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ៕