នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Nissan Motor លោក Stephen Ma គ្រោងនឹងលាលែងពីដំណែង ពោលគឺនៅត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុនមួយនេះ បានចេញការព្រមានអំពីការធ្លាក់ចុះនៃប្រាក់ចំណេញ និងបានប្រកាសពីផែនការកាត់បន្ថយការងាររាប់ពាន់កន្លែងនៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ប្រភពដដែលនេះ បានរាយការណ៍ទៀតថា វានៅមិនទាន់ច្បាស់នោះឡើយទេថា តើលោក Ma នឹងត្រូវចាកចេញពីក្រុមហ៊ុនតែម្តង ឬត្រូវប្តូរទៅកាន់តំណែងណាមួយផ្សេង បន្ទាប់ពីការិយាល័យរបស់លោកបានបដិសេធមិនព្រមធ្វើការអត្ថាធិប្បាយអ្វីលើសនេះឡើយ។
គួរឲ្យដឹងថា លោក Ma បានក្លាយជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Nissan ក្នុងឆ្នាំ២០១៩ ដោយជំនួសតំណែងរបស់លោក Hiroshi Karube ដែលផ្លាស់ប្តូរទៅធ្វើជាប្រធានអាជីវកម្ម នៅក្នុងប្រទេសចិន។
យ៉ាងណាមិញ ជុំវិញការប្រកាសលាលែងពីតំណែងរបស់លោក Ma នេះ ត្រូវបានកើតឡើង បន្ទាប់ពីក្រុមហ៊ុន Nissan បាននិយាយកាលពីដើមខែនេះថា ខ្លួននឹងកាត់បន្ថយការងារចំនួន ៩ ពាន់នាក់ និងកាត់បន្ថយដល់ទៅ ២០% នៃសមត្ថភាពផលិតសកលរបស់ខ្លួន ខណៈក្រុមហ៊ុនកំពុងព្យាយាមកាត់បន្ថយការចំណាយរហូតដល់ទៅ ២,៦ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ចំពេលមានការធ្លាក់ចុះនៃការលក់ ទាំងនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំបំផុតទាំងពីររបស់ខ្លួន។
ជម្រាបជូនថា ការលក់សកលរបស់ក្រុមហ៊ុន Nissan បានធ្លាក់ចុះ ៣,៨% មកនៅត្រឹម ១,៥៩ លានគ្រឿងសម្រាប់ឆមាសទីមួយនៃឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន ដែលភាគច្រើនកើនឡើងដោយសារតែការលក់ធ្លាក់ចុះ ១៤,៣% នៅក្នុងប្រទេសចិន៕