លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បន្តខិតខំប្រឹងប្រែងចូលរួមជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារសំខាន់ទាំងក្នុងតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានា។
លោកស្រីរដ្ឋមន្រ្តី លើកឡើងបែបនេះ នៅក្នុងពិធី “ពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំរបស់សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា” កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងនោះ លោកស្រី បានលើកឡើងថា វិស័យផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយតាមរយៈនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដើម្បីជាផែនទីក្នុងការអភិវឌ្ឍវិស័យនេះទៅជាឧស្សាហកម្ម ប្រកបដោយចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស។
ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យសមាគម បន្តខិតខំប្រឹងប្រែងចូលរួមជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារសំខាន់ទាំងក្នុងតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានា ព្រមទាំងការពង្រឹងគុណភាព ការកសាងកេរិ៍្តឈ្មោះ និងនវានុវត្តន៍ផលិតផល ផងដែរ។
បន្ថែមពីនេះ លោកស្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជាសម្រេចបាន ក៏ដូចជាការចុះអនុស្សរណៈយោគយល់គ្នានេះ ដែលពិតជាចូលរួមចំណែកសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍វិស័យនេះ ឱ្យកាន់តែរីកចម្រើន មានភាពធន់ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ ជាពិសេសនៅពេលកម្ពុជាចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅពេលខាងមុខ។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា វិស័យស្បែកជើង និងផលិតផលធ្វើដំណើរ នៅក្នុងឆ្នាំ២០២៤ មានការនាំចេញ ជាង២០% បើធៀបនឹងឆ្នាំ២០២៣ ខណៈការបញ្ជារទិញក៏មានច្រើនគួរឱ្យកត់សម្គាល់។ ការបញ្ជារទិញច្រើនបែបនេះ គឺដោយសារតែស្ថានភាពនយោបាយនៅកម្ពុជាមានភាពនឹងនរ ចំណែកឯការបញ្ជារទិញ និងរោងចក្រ មានទំនុកចិត្ដកាន់តែខ្លាំង។
តាមការវិភាគរបស់សមាគម អ្នកឧកញ៉ា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ខាងមុខ ការបញ្ជារទិញផលិតផលធ្វើដំណើរ និងស្បែកជើងនៅកម្ពុជា នឹងកាន់តែកើនឡើងបន្ថែមទៀត ក្នុងរង្វង់យ៉ាងតិច២០ ទៅ៣០%។
អ្នកឧកញ៉ា បានគូសបញ្ជាក់បន្ថែមថា កន្លងមកការនាំចេញផលិតផលស្បែកជើងនិងសម្ភារធ្វើដំណើរក្នុងចំនួនដ៏ច្រើនទៅប្រទេសអឺរ៉ុប ប្រទេសអង់គ្លេស អាមេរិក កាណាដា និងបណ្តាប្រទេសក្នុងអាស៊ីដូចជា ជប៉ុន និងកូរ៉េជាដើម។
គួរបញ្ជាក់ថា រយៈពេល ៩ខែ ក្នុងឆ្នាំ២០២៤នេះ ការនាំចេញស្បែកជើង មានការកើនឡើង ២៣ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ មានការនាំចេញទៅអឺរ៉ុប អាមេរិកនិងអាស៊ី ដែលមានចិនផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកឧកញ៉ា លី ឃុនថៃ៕