សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារ ឧកញ៉ា លី សុភាព អនុប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន លី ហួរ គ្រុប និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។
ឧកញ៉ា លី សុភាព មានបទពិសោធន៍ក្នុងតំណែងជាថ្នាក់ដឹកនាំកំពូលសំខាន់ៗជាច្រើនដូចជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ ផេប្រូ (លីហួរ វេរលុយ), នាយកប្រតិបត្តិ ក្រុមហ៊ុនរតនៈអលង្ការ ខូអិលធីឌី, នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនលី ហួរ ប្តូរប្រាក់, អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន លី ហួរ អ៊ិនសួរេន (Ly Hour Insurance Plc) និងជាសមាជិកក្រុមប្រឹក្សាភិបាល ធនាគារ អេស ប៊ី អាយ លី ហួរ។
លើសពីនេះ អ្នកឧកញ៉ា លី សុភាព មានបទពិសោធន៍យ៉ាងជ្រាលជ្រៅក្នុងការក្នុងដឹកនាំកិច្ចពិភាក្សាធំៗទាំងក្នុង និងក្រៅប្រទេស ហើយលោកមានក៏មានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុថែមទៀត។ អ្នកឧកញ៉ា ទទួលបានសញ្ញាប័ត្រជាច្រើនទាំងក្នុងនិងក្រៅប្រទេស រួមទាំងបរិញ្ញាប័ត្រកិត្តិយសផ្នែកពហុរចនាប្រព័ន្ធផ្សព្វផ្សាយ ពីសាកលវិទ្យាល័យ Huddersfield ក្នុងទីក្រុង Manchester នៃចក្រភពអង់គ្លេស ឆ្នាំ២០០៤។
គួររំឭកថា លោក លី សុភាព ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៨៕